ខេត្តកោះកុង ៖ យុវតីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានគេអះអាងថា បានមានទំនាក់ទំនងស្នេហាជាមួយនឹងយុវជនម្នាក់ លុះក្រោយមកក៏មានបុរសម្នាក់ផ្សេងទៀតបានចូលស្តីដល់ចាស់ទុំ ទើបឪពុកម្តាយយល់ព្រមលើកឱ្យ ដោយកូនស្រីក៏មិនហ៊ានជំទាស់ចិត្តឪពុកម្តាយនោះទេ ស្រាប់តែក្រោយមកយុវតីរូបនេះបែរជាមានគំនិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេករបស់ខ្លួន ធ្វើឱ្យឪពុកម្តាយក្រុមគ្រួសាររន្ធត់ចិត្ត ទ្រហោយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍យុវតីវ័យក្មេងចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផែអូប័រ ភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ។
យុវតីគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះយាន គឹមអាន អាយុ១៨ឆ្នាំ ជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១) មានឪពុកឈ្មោះសូ វ៉ន ម្តាយឈ្មោះ ជាស ចាន់លី និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

ដោយឡែក យោងតាមប្រភពពីពលរដ្ឋ អ្នកជិតខាង និងមិត្តភក្តិរបស់យុវតីរងគ្រោះបានបង្ហើបប្រាប់ថា កន្លងមកយុវតីរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងយុវជនម្នាក់ដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា យូរឆ្នាំមកហើយ។ លុះក្រោយពីយុវតីរងគ្រោះ រៀនចប់ថ្នាក់បឋមសិក្សា (ថ្នាក់ទី៦) ក៏ត្រូវក្រុមគ្រួសារឱ្យឈប់រៀនមកជួយធ្វើការផ្ទះ និងបកសាច់ក្តាមលក់។

ក្រោយមក នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ក៏មានកំលោះម្នាក់រស់នៅនិងធ្វើការនៅឯខេត្តព្រះសីហនុ បានឱ្យចាស់ទុំចូលមកស្តីដណ្តឹងយុវតីរងគ្រោះធ្វើជាគូគាប់។ ចំណែកយុវតីរងគ្រោះក៏មិនបានប្រកែក ឬជំទាស់អ្វីដែរ ពោលគឺយល់ព្រមតាមម្តាយឪពុករបស់នាង។ ស្រាប់តែមួយរយៈពេលចុងក្រោយនេះ ទំនងជាមិនទាន់ដាច់អាល័យពីយុវជនជាសង្សារ ទើបគេឃើញយុវតីរងគ្រោះហាក់មានទឹកមុខស្រពាប់ស្រពោនខុសប្លែកធម្មតា តែមិនមានអ្នកណាម្នាក់ដឹងថានាងកើតមានរឿងអ្វីក្នុងចិត្តឱ្យពិតប្រាកដនោះទេ ហើយក៏គ្មានអ្នកហ៊ានសួរនាំដែរ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដោយសារយុវតីរងគ្រោះសម្ងំតែនៅក្នុងបន្ទប់ មិនព្រមចេញមកហូបបាយ ទើបឪពុកម្តាយបានដើរទៅគោះទ្វារហៅមកហូបបាយ ណាមួយចង់យកលុយថ្លៃបង្គា ទុកក្នុងបន្ទប់ផង តែហៅយ៉ាងណាក៏មិនឮមាត់កូនស្រីឆ្លើយតប ទើបច្រានទ្វារចូលទៅ តែទ្វារជាប់គន្លឹះពីក្នុង ភ្លាមនោះឪពុកម្តាយក៏ប្រើកូនប្រុសឱ្យឡើងតាមជញ្ជាំងទៅមើលបងស្រីរបស់គេ ស្រាប់តែប្រទះឃើញយុវតីរងគ្រោះរូបនេះ បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ ទម្លាយទ្វារចូលទៅ ស្រាយចំណងដាក់កូនស្រីចុះក្រោមដើម្បីសង្គ្រោះជីវិតដែរ តែអកុសល កូនស្រីរូបនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន។

សាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជុំវិញរឿងរ៉ាវខាងលើនេះ គេនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីឪពុកម្តាយរបស់យុវតីរងគ្រោះបាននៅឡើយទេ ថាតើយុវតីរងគ្រោះដាច់ចិត្តគិតខ្លីបែបនេះ ដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ?