Tuesday, November 25, 2025
Homeព័ត៌មានជាតិកេងកងបាត់កូន បោកខ្លួនស្រែកយំ

កេងកងបាត់កូន បោកខ្លួនស្រែកយំ

ខេត្តកំពត ៖ បន្ទាប់ពីមានករណីការបាញ់សម្លាប់សត្វកេងកងនៅខេត្តកំពត ទោះបីជាជនសង្ស័យបានចូលខ្លួនសារភាពកំហុសរួចមកហើយក៏ដោយ ក៏មជ្ឈដ្ឋានទូទៅនៅតែមានការស្តាយស្រណោះ។

សត្វបក្សីដ៏កម្រនោះដែលមិនគួរណាមនុស្សយើងហ៊ានលើកដៃប្រហារជីវិតគ្នាបែបនេះសោះ ព្រោះវាជាសត្វដែលមានពណ៌សម្បុរស្អាតគួរឱ្យស្រឡាញ់ ជាពិសេស កេងកង ជាសត្វស្មោះស្ម័គ្រជាមួយគូវា និងជាគំរូសត្វមេបា ដែលស្រឡាញ់ថែរក្សានិងការពារកូនវាណាស់ តែងនិត្យនៅមើលថែកូន រហូតកូនចេះហើររកចំណីដោយខ្លួនឯងបាន ហើយនៅពេលបាត់កូនវាយំគ្រលួចបោកខ្លួននឹងដើមឈើគួរឱ្យសង្វេគ ដូចចម្រៀងមួយបទរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា បទ “កេងកងអភ័ព្វ” ដែលឃ្លាដំបូងច្រៀងថា “កេងកងបាត់កូន បោកខ្លួនស្រែកយំ សួលើទ្រនំ ស្វែងរកបុត្រភ្ងា គេងចាំសំបុកទទួលអាហារ និត្យនៅនិទ្រា ក្រោមស្លាបរាល់ថ្ងៃ…”។

គួររំលឹកថា ថ្មីៗនេះ មានបុរសម្នាក់ដែលបាញ់សម្លាប់សត្វកេងកងធំ ហើយថតរូបភាពបង្ហោះតាមបណ្តាញសង្គមបង្អួតគេឯងនោះ បានដឹងកំហុសចូលខ្លួនសុំទោសសាធារណជន និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសបែបនេះទៀតនៅចំពោះមុខលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

បុរសឈ្មោះគ្រុយ ចំរើន អាយុ៣៣ឆ្នាំនោះ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាល អំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេង ទឹកជ្រោះ ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។

នាពេលនោះ ក្រៅពីសារភាពកំហុស និងសុំទោសផ្ទាល់មាត់ បុរសឈ្មោះគ្រុយ ចំរើន ក៏បានសរសេរលិខិតផ្តិតមេដៃសុំទោសចំពោះសាធារណជនថា “ខ្ញុំបាទឈ្មោះគ្រុយ ចំរើន អាយុ៣៣ឆ្នាំ សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វកេងកង ចំនួន១ក្បាល ស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់៩ជាន់ នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូន ប្រជាពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធបាញ់សត្វកេងកង ១គ្រឿង មកក្រសួងបរិស្ថាន យ៉ាងយូរបំផុតថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០”។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បុរសម្នាក់នោះបានទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសន្តោសប្រណីពីសាធារណជនដែលខ្លួនបាន ជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។ តាមរយៈការទទួលទោសកំហុសនេះ ក្រសួងបរិស្ថាន ទទួលយកនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត ដែលនេះគឺជាគំរូអាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវចៀសវាង។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា សូមកុំប្រព្រឹត្តបទល្មើសបរបាញ់សត្វ និងកុំបរិភោគសាច់សត្វព្រៃ គឺត្រូវចូលរួមការពារអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស សម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ និងការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សត្វកេងកង គឺជាប្រភេទសត្វកម្រជិតផុតពូជ ហើយបច្ចុប្បន្ននេះ គេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជា នៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជា ជាដើម។

នៅរដូវបន្តពូជ កេងកងឈ្មោល តែងស្វែងរកប្រហោងឈើ រួចនាំកេងកងញី ទៅមើល។ កាលណាកេងកងញីជាគូវាពេញចិត្តហើយ ក៏នាំគ្នាកាច់សំបុកនៅទីនោះ ដោយបិទប្រហោងទុកតែចន្លោះតូច ដើម្បីផ្តល់ចំណី និងការពារមិនឱ្យសត្វដទៃចូលបាន។ កេងកងញី សម្ងំក្នុងសំបុកនោះដែលត្រូវបិទ រហូតដល់កូនញាស់ ហើយអាចហើរបានក្នុងរយៈពេល១២០ថ្ងៃ ដោយអំឡុងពេលនៅក្នុងសំបុកនោះ គឺកេងកងញី និងកូនតូច ត្រូវពឹងលើកេងកងឈ្មោល ជាអ្នករកចំណីមកផ្គត់ផ្គង់រហូតដល់ បង្រៀនកូនកេងកង ឱ្យចេះរកចំណីដោយខ្លួនឯងបាន ទើបកេងកងញី ចឹកប្រហោងចេញពីសំបុកនោះ។

ដោយសារតែនឹកដល់ភាពស្មោះស្ម័គ្រ និងជាគំរូមេបារបស់សត្វកេងកង បែបនេះហើយ ទើបបន្ទាប់ពីបានដឹងថា មានមនុស្សបាញ់សម្លាប់ សត្វកេងកង ធ្វើឱ្យសាធារណជនមានការសោកស្តាយជាពន់ពេក កើតក្តីសង្វេគអាណិតដល់សត្វកេងកងរងគ្រោះ និងមេបាវាមិនដឹងជាយំសោកបោកខ្លួនយ៉ាងណានៅពេលបាត់កូន។

ជាមូយនេះ ជនរួមជាតិកម្ពុជា ក៏នឹកឃើញដល់ចម្រៀងរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា គឺបទ “កេងកងអភ័ព្វ” ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

១-កេងកងបាត់កូន បោកខ្លួនស្រែកយំ អើយស្រែកយំ សួលើទ្រនំស្វែងរកបុត្រភ្ងាៗ ធ្លាប់ចាំសំបុកទទួលអាហារ និត្យនៅនិទ្រា ក្រោមស្លាបរាល់ថ្ងៃ។

២-បែរទៅគូគាប់ប្រែស្លាប់ចាកឋានៗ ដោយសារដៃព្រានលួចបាញ់ប្រល័យៗ មុននឹងស្លាប់ចោលផ្តាំមើលបុត្រថ្លៃៗ កម្មអ្វីចង្រៃ បាត់កូនទៅណា?

R- បង្គងធ្លាប់សួតាមពួរវល្លិជ្រៃ សំបុកកាច់ថ្មីលើខ្ទមអ្នកតា ឱកូនសម្លាញ់ទុកស្មើសង្ខារ តើលោកអ្នកណាយកកូនខ្ញុំទៅ?

៣- ឱសត្វលោកអើយនេះហើយវាសនាៗ រឿងអនាថាលោកាទៀងនៅៗ ព្រាត់ប្តីព្រាត់ កូនព្រាត់សូន្យហ្មងសៅ ជីវិតគិតទៅ រស់នៅមិនទៀង។

(ភ្លេងរួច ច្រៀង ឬ និង ៣ឡើងវិញ)

ខៀវទុំ

RELATED ARTICLES