ខេត្តកណ្តាល ៖ រោងចក្រតម្បាញមួយកន្លែងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពគាស់ទម្លាយជញ្ជាំងចូលទៅគាស់ទូដែក ប្រមូលយកលុយអស់ប្រមាណ៣ម៉ឺនដុល្លារ ព្រមទាំងសម្ភារមានតម្លៃមួយចំនួនទៀត រួចរត់គេចខ្លួនបាត់ស្រមោលអស់ដោយសុវត្ថិភាព។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបរិវេណរោងចក្រតម្បាញ យីហោ វិនសេតហ្គាម៉េន មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។

ជនរងគ្រោះតំណាងរោងចក្រ មានឈ្មោះឃឹម ឃុន ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរប្រធានរដ្ឋបាលរោងចក្រ មានលំនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើសកម្មភាពគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ថតតុរបស់គណនេយ្យ គាស់ថតតុរបស់អនុប្រធានរោងចក្រ និងកាត់សោរទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោរទូរដែកអូតូ បើកយកប្រាក់អស់សរុបចំនួនប្រហែល២០លានរៀល និងប្រាក់ដុល្លារប្រហែលជា៣ម៉ឺនដុល្លារទៅបាត់តែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលកំពុងតាមស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តន៍តាមនីតិវិធី៕


