Monday, November 24, 2025
Homeព័ត៌មានជាតិអនុការិយាល័យក្រសួងទេសចរណ៍ ឲ្យប៉ូលិសរត់ជាន់ជើងគ្នា

អនុការិយាល័យក្រសួងទេសចរណ៍ ឲ្យប៉ូលិសរត់ជាន់ជើងគ្នា

ភ្នំពេញ ៖ ក្រុមមន្ត្រីនគរបាលមួយក្រុមកំពុងឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក រឹតបណ្តឹងអំពីការបើកបរក្រោមឥទ្ធិពលស្រវឹងនិងឆែកអាវុធជាតិផ្ទុះតាមដងផ្លូវ ក៏ស្រាប់តែត្រូវរថយន្ត១គ្រឿងបើកបរដោយបុរសម្នាក់ស្ថិតក្រោមស្ថានភាពស្រវឹងធ្លាក់ភ្នែកបើកក្នុងល្បឿនលឿនដូចហោះ បោះពួយជ្រុលមកបុករះទាំងកំរោលបណ្តាលឱ្យស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់របួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនស្រវឹងស្រាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចមុខវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញ ដែលមានវត្តមាននៅទីតាំងកើតហេតុ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យសមត្ថកិច្ចទាំង១៤ខណ្ឌទូទាំងរាជធានីភ្នំពេញ អនុវត្តន៍ច្បាប់ចរាចរណ៍ ចាប់មួកកញ្ចក់ ពិនិត្យជាតិស្រវឹង និងអាវុធហត្ថជាតិផ្ទុះ ទើបកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម បានចុះអនុវត្តន៍ច្បាប់នៅត្រង់ចំណុចទីតាំងកើតហេតុ ដោយបានចាប់ផ្តើមតាំងពីវេលាម៉ោង១០យប់ រហូតទៅដល់ម៉ោង២និង៣០នាទីរំលងអធ្រាត្រ។

ជាក់ស្តែងនៅអធិការនគរបាលខណ្ឌដូនពេញ គឺកម្លាំងចំរុះរួមមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងព្រហ្មទណ្ឌ និងកម្លាំងជំនាញផ្នែកគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងអ្នកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្ស លុះពេលកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែមានបុរសម្នាក់មានឈ្មោះឆាយ គឹមហួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអនុការិយាល័យក្រសួងទេសចរណ៍ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បើករថយន្តបង្ក១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BD-9867 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ទើបតែចេញមកពីកម្មពិធីគេស្រវឹងស្រាធ្លាក់ភ្នែក បានបើកបុករះទៅលើកម្លាំងសមត្ថកិច្ចកំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងជ្រុលបុកចំលោកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្ស និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ រួមនិងកម្លាំងអន្តរាគមន៍ម្នាក់ទៀតបណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុភ្លាមៗ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី បានមកដល់ដឹកបញ្ជូនជនរងគ្រោះទាំង៣នាក់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនធ្វើការវាស់ជាតិអាកុល ឃើញមានកម្រិង ០,៧៨មីលីត្រខ្យល់។

អ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES