ខេត្តពោធិ៍សាត់ ៖ លំនៅដ្ឋានរបស់ស្ត្រីមេម៉ាយម្នាក់ត្រូវបានទទួលរងការខូចខាតយ៉ាងដំណំ ដោយសារឥទ្ធិពលគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានបោកបក់បំផ្លាញដំបូលផ្ទះស្ត្រីរងគ្រោះ បង្កឱ្យរងការខូចខាតអស់ទាំងស្រុង។

ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ។
របាយការណ៍នគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឱ្យដឹងថា ផ្ទះដែលទទួលរងការវាយប្រហារពីគ្រោះធមμជាតិខ្យល់កន្ត្រាក់ មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងបាំងក្តារ រនាបក្រាលក្តារ ជាកម្មសិទ្ធរបស់ឈ្មោះលន់ យ៉ង់ អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

របាយការណ៍ដដែលបានបន្តថា នៅមុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រខាងលើគេឃើញមេឃចាប់ផ្តើមងងឹតខ្មៅរកកល់ចង់ភ្លៀង លុះបន្តិចក្រោយមកក៏មានភ្លៀងរលឹមស្រិចៗលាយឡំទៅដោយផ្គរ និងខ្យល់កន្ត្រាក់បានបោកបក់បណ្តាលឱ្យកួចដំបូលផ្ទះរបស់ស្ត្រីរងគ្រោះខាងលើ ឱ្យទទួលរងការខូចខាតអស់ទាំងស្រុងតែម្តង។
យ៉ាងណាក្តី គ្រោះធម្មជាតិខាងលើនេះ មិនបង្កការរងរបួសដល់មនុស្ស ឬសត្វនោះទេ៕