ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីនាងបានលួចចូលក្នុងផ្ទះគេលួចលុយ តែមិនបានសម្រេច ដោយត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ស្ត្រីសង្ស័យដែលត្រូវឃាត់ខ្លួនបានក្នុងអំពើលួចនេះ មានឈ្មោះគឺ គឹមយិន អាយុ៣៩ឆ្នាំ មុខរបរលក់ត្រី បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ មឿន គន្ធា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិ-សង្កាត់កើតហេតុខាង- លើ។
ដោយឡែក វត្ថុតាងដកហូតបាន រួមមាន ម៉ូតូមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-5145លុយរៀលចំនួន៥៩៩,៨០០រៀល, ទូរស័ព្ទចំនួន៣គ្រឿង, កាបូបដៃពណ៌ក្រហមក្រមៅចំនួន១។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដេកលើគ្រែខាងមុខផ្ទះរបស់ខ្លួន ខណៈនោះ ស្រាប់តែស្ត្រីសង្ស័យបានធ្វើសកម្មភាពលួចចូលក្នុងបន្ទប់ដេករបស់ស្ត្រីរងគ្រោះខាងក្នុងផ្ទះ។

ភ្លាមនោះប្តីរបស់ស្ត្រីរងគ្រោះបានចេញពីក្នុងបន្ទប់ទឹកវិញ ក៏បានឃើញស្ត្រីសង្ស័យដើរចេញពីក្នុងផ្ទះរបស់ខ្លួន រួចក៏ឃាត់ខ្លួនស្ត្រីសង្ស័យ ហើយសួរនាំ ដោយសង្ស័យថា ជាចោរ ក៏ប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕