ភ្នំពេញ ៖ នារីម្នាក់បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅចូលទិញកាហ្វេ ដោយភ្លេចដកកូនសោរ លោកចោរក្រឡេកឃើញទំនងក៏ឡើងជិះគេចចេញទៅបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ធ្វើឱ្យផ្អើលសមត្ថកិច្ចតាមរកឃើញម៉ូតូចោរផ្តួលចោលនៅក្នុងទឹកដីខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់បានជិះម៉ូតូម៉ាកហុងដាស្កុបពី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CE-9432 ចេញពីផ្ទះរកទៅទិញកាហ្វេផឹក ខណៈមកដល់កន្លែងលក់កាហ្វេបានឈប់ម៉ូតូចុះទិញ ប៉ុន្តែភ្លេចដកសោចេញពីម៉ូតូ ភ្លាមៗនោះក៏មានជនសង្ស័យ២នាក់មកដល់បានឡើងជិះម៉ូតូជនរងគ្រោះចេញទៅបាត់ស្រមោល។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះបានជិះតាមរកដោយមើលតាម Icloud ពីទូរស័ព្ទ ក្នុងឃ្លុបម៉ូតូ ហើយរាយការណ៍ទៅសមត្ថកិច្ចប្រាប់ពីគោលដៅដែលជនសង្ស័យជិះគេចខ្លួនដើម្បីតាមចាប់ ប៉ុន្តែពេលនោះជនសង្ស័យដឹងខ្លួនក៏បានដោះកញ្ចក់និងយកទូរស័ព្ទរបស់ជនរងគ្រោះ រួចគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូនៅចំណុចផ្លូវរថភ្លើង ក្រោយសាលាតិចណូ នៅក្នុងខណ្ឌទួលគោក។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានជួយអន្តរាគមន៍តាមរកឃើញម៉ូតូមកវិញ បាត់បង់ទូរស័ព្ទ និងសម្ភារៈមួយចំនួន រួចនាំជនរងគ្រោះ រួមទាំងវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីចាត់ការបន្ត៕