ខេត្តកណ្តាល ៖ បុរសម្នាក់ជាបុគ្គលិកផ្នែកប្រមូលលុយពីអតិថិជន ត្រូវបានតំណាងក្រុមហ៊ុនប្តឹងសមត្ថកិច្ចស្រុកអង្គស្នួល ឱ្យចាប់ខ្លួនពីបទក្បត់ទំនុកចិត្ត ក្រោយពីជនសង្ស័យខាងលើនេះបានប្រមូលលុយពីអតិថិជនចំនួន២០លានរៀល យកទៅលែងល្បែងចាញ់អស់គ្មានសល់។
ករណីចាប់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យឈ្មោះវីរៈ ឆៃ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកប្រមូលប្រាក់ ស្នាក់នៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះទន់ ករុណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយឡែកទ្រព្យសម្បត្តិបាត់បង់ប្រាក់រៀលចំនួន ២០លានរៀល។

ប្រភពដដែលបន្តថា ជនសង្ស័យគឺជាបុគ្គលិកក្រុមហ៊ុនផ្នែកប្រមូលប្រាក់ពីអតិថិជន កន្លងមកជនសង្ស័យតែងយកប្រាក់ដែលប្រមូលពីអតិថិជនបានយកទៅឱ្យក្រុមហ៊ុនមិនដែលខកខាន ទេ។
លុះមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានប្រមូលប្រាក់ពីអតិថិជនបាន២០លានរៀល ហើយមិនយកទៅឱ្យជនរងគ្រោះដែលជាតំណាងក្រុមហ៊ុនទេ រហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបាននាំខ្លួនជនសង្ស័យយកទៅឱ្យនគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនប្រមូលយកលុយពីអតិថិជនបាន២០លានរៀល ហើយយកលុយនោះទៅលែងល្បែងអនឡាញចាញ់អស់គ្មានសល់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕