Monday, November 24, 2025
Homeព័ត៌មានជាតិបណ្តាំ១ច្បាប់នេះ ប្រាប់ទៅថ្នាក់លើ និងឈ្មោះអ្នកមិនពាក់ព័ន្ធ

បណ្តាំ១ច្បាប់នេះ ប្រាប់ទៅថ្នាក់លើ និងឈ្មោះអ្នកមិនពាក់ព័ន្ធ

ខេត្តសៀមរាប ៖ បុរសម្នាក់មានតួនាទីជាអនុប្រធានសាខាក្រុមហ៊ុនធានារ៉ាប់រងមួយប្រចាំខេត្តសៀមរាប បានសម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត បន្ទាប់ពីជ្រុលខ្លួនដើរប្រមូលប្រាក់ពីអតិថិជនយកមកចាយវាយ បំពេញការសប្បាយរបស់ខ្លួនរហូតអស់គ្មានសល់ លុះអត់មានលុយសងក្រុមហ៊ុនវិញ ក៏បែកគំនិតគិតខ្លីចងកសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា ដោយបន្សល់ទុកលិខិតបណ្តាំមួយសន្លឹក រៀបរាប់ពីការសម្រេចចិត្តនិងការទទួលកំហុសរបស់ខ្លួន។

ហេតុការណ៍ចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ នៅចំណុចស្នាក់ការសាខាក្រុមហ៊ុនធានារ៉ាប់រងមួយ មានទីតាំងស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

សាកសពបុរសគិតខ្លីខាងលើ មានឈ្មោះកែវ ចំណាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអនុប្រធានសាខាក្រុមហ៊ុនធានារ៉ាប់រងមួយ ប្រចាំខេត្តសៀមរាប ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលបុគ្គលិកចូលទៅក្នុងក្រុមហ៊ុនខាងលើ ដើម្បីបំពេញការងារដូចសព្វដង ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះខាងលើចងកសម្លាប់ខ្លួននៅក្នុងនោះ ទើបផ្អើលឆោឡោរត់ចេញមកក្រៅ ហៅគេឯងឱ្យជួយនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព។

តាមការបញ្ជាក់ឱ្យដឹងរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារអត្តឃាតចងកប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះពិបាកចិត្តរឿងផុងខ្លួនចាយលុយក្រុមហ៊ុនដែលខ្លួនបានប្រមូលយកពីអតិថិជន លុះគ្មានប្រាក់សងវិញក៏គិតខ្លីបែបនេះតែម្តង។

ជាមួយនេះ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ១ច្បាប់ដែលជនរងគ្រោះបន្សល់ទុកនៅកន្លែងកើតហេតុផងដែរ ដោយក្នុងលិខិតបណ្តាំនោះមានខ្លឹមសារទាំងស្រុងថា “បណ្តាំនិងសេចក្តីសុំទោស ខ្ញុំបាទមានកំហុសក្នុងការអនុវត្តការក្រុមហ៊ុន និងមិនមានសុចរិតភាព ដោយយកថវិកាដែលប្រមូលបានពីអតិថិជនមកប្រើប្រាស់សម្រាប់ការសប្បាយខ្លួនឯង។

ហេតុដូច្នេះ មិនមានអតិថិជនជំពាក់លុយទេ គឺខ្ញុំបានទៅយកវាមកអស់ហើយ។ រស្មី មិនពាក់ព័ន្ធ វុធីមិនពាក់ព័ន្ធ រដ្ឋាមិនពាក់ព័ន្ថ បងម៉ាលី មិនពាក់ព័ន្ធ។

សូមថ្នាក់ដឹកនាំអភ័យទោសឱ្យខ្ញុំបាទផង ខ្ញុំដឹងកំហុស ហេតុនេះជីវិតខ្ញុំសងនឹងការប្រព្រឹត្តដ៏អាក្រក់មួយនេះ។ សូមជួយយកសពខ្ញុំទៅស្រុកកំណើតផង នៅព្រៃវែង…”។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES