ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ទើបនឹងចេញពីធ្វើការយប់ ជិះម៉ូតូមកដល់មុខផ្ទះឈប់ចាក់សោរបង ក៏លេចមុខជនសង្ស័យម្នាក់បើករថយន្ត១គ្រឿងមកឈប់ក្បែរ រួចចុះធ្វើសកម្មភាពវាយទៅលើនារីរងគ្រោះជាច្រើនដៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំ រួចប្លន់យកកបូបលុយឡើងបើករថយន្តគេចខ្លួនបាត់ស្រមោល លុះ៣ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ក្របួចជាប់នាំយកមកចាត់ការតាមច្បាប់។
ករណីវ៉ៃប្លន់ទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួលស្ត្រីរងគ្រោះស្ថិតក្នុងភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង។

លុះមកដល់វេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺ៣ថ្ងៃក្រោយមក សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល។
លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាជនរងគ្រោះ ភ្លាមៗនោះដែរក៏មានការចង្អុលបង្ហាញពីលោកស្នងការ ក៏ដូចជាលោកស្នងការរងខេត្ត ក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ (វាយប្លន់យកទ្រព្យសម្បត្តិ) ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេក ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី មានលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះធី រត្ថា អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមការរៀបរាប់ពីស្ត្រីរងគ្រោះខាងលើ កាលពីវេលាម៉ោង១២និង៤៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នាង (ស្ត្រីរងគ្រោះ) បានជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ចេញពីកន្លែងធ្វើការដើម្បីទៅសម្រាកនៅក្នុងផ្ទះជួល ស្ថិតក្នុងចំណុចកើតហេតុខាងលើ។

លុះមកដល់ចំណុចផ្ទះជួល នាងក៏បានចុះពីលើម៉ូតូរួចចាក់សោទ្វារផ្ទះ ក៏ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរល្មែះ បានបើកមកឈប់ក្បែរម៉ូតូរបស់នាង រួចហើយក៏លេចមុខជនសង្ស័យម្នាក់បានចុះពីលើរថយន្តដើរសំដៅមករកនាង រួចធ្វើសកម្មភាពប្រើដៃវាយមកលើនាងចំថ្គាម១ដៃពេញទំហឹង បណ្តាលឱ្យនាងហើមប៉ោងជាំថ្គាមរងរបួសយ៉ាងដំណំ បន្ទាប់មកជនសង្ស័យរូបនោះក៏បានប្លន់យកទ្រព្យសម្បត្តិ និងកាបូបយួរដៃពណ៌ប្រផេះរបស់នាងរួចឡើងបើករថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្រីរងគ្រោះ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតដល់កំណត់បានមុខសញ្ញាជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺ៣ថ្ងៃក្រោយពីជនសង្ស័យបានធ្វើសកម្មភាពវ៉ៃប្លន់កាបូបពីស្ត្រីរងគ្រោះ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសមត្ថកិច្ចក៏ដកហូតវត្ថុតាង រួមមាន កាបូបពណ៌ប្រផេះ១ លោហៈធាតុពណ៌លឿង (ខ្សែក) ១ខ្សែ លោហៈធាតុពណ៌លឿង (បន្តោងខ្សែក) ចំនួន២បន្តោង ក្រវិលពណ៌ស១គូ ទូរស័ព្ទដៃម៉ាក oppo ពណ៌ក្រហមចំនួន១គ្រឿង ទូរស័ព្ទដៃម៉ាក ណូគា ស៊េរីចាស់ចំនួន១គ្រឿង និងរថយន្ត១គ្រឿង ម៉ាក ហាយឡិនឌ័រ ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខភ្នំពេញ 2AI-9709 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងដែលដកហូតបាន ត្រូវកម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕