ភ្នំពេញ ៖ ជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះ ចេញពីប៉ុស្តិ៍ ក្រោយពេលដែលពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធនឹងបទល្មើសលួចគាស់ទ្វាររថយន្តយកទ្រព្យសម្បត្តិ។
ហេតុការណ៍ជនសង្ស័យរត់គេចទាំងដៃជាប់ខ្នោះទាំង២នេះ កើតឡើងកាលពីវេលារំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកចំបក់ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនចោរលួចគាស់ទ្វាររថយន្តយកទ្រព្យសម្បត្តិម្នាក់ ហើយក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបដឹកយកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១។

ប្រភពបានបន្តថា ភ្លាមនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកឡើងទៅជាន់ទី១ ដើម្បីសួរនាំ និងកសាងសំណុំរឿង រួចនាំគ្នាចុះមកកក្រោមវិញ ដោយទុកជនសង្ស័យឲ្យនៅម្នាក់ឯងក្នុងបន្ទប់។

ប្រភពបន្ថែមថា ក្រោយពេលដែលសមត្ថកិច្ចនាំគ្នាចុះមកក្រោមអស់ ស្រាប់តែជនសង្ស័យបានលួចរត់ចេញពីប៉ុស្តិ៍ បាត់ស្រមោលដោយសុវត្ថិភាព មិនបង្កការរំខានដល់សមត្ថកិច្ចឡើយ។ យ៉ាងណា ក្រោយពេលដឹងថា ជនសង្ស័យបានរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចបានចែកជើងគ្នាតាមស្វែងរក តែរកមិនឃើញ សូម្បីតែស្រមោល៕