Monday, November 24, 2025
Homeព័ត៌មានជាតិស្រែកចោទប៉ូលិសថា​ "ចោរ" ពេលដឹកមកផាកពិន័យ ដោយសារជិះម៉ូតូបិទតែមរញ៉េរញ៉ៃ

ស្រែកចោទប៉ូលិសថា​ “ចោរ” ពេលដឹកមកផាកពិន័យ ដោយសារជិះម៉ូតូបិទតែមរញ៉េរញ៉ៃ

ភ្នំពេញ​ ៖​ យុវជនម្នាក់បានទិញម៉ូតូស៊េរីទំនើបរួចបានយកទៅបិទតែមរញ៉េរញ៉ៃខុស​ស្តង់ដារ​បច្ចេកទេស ក៏ត្រូវសមត្ថកិច្ចចរាចរណ៍ចាប់ឃាត់ ស្រាប់តែយុវជនរូបនោះបានស្រែកឡាំប៉ាចោទសមត្ថកិច្ចថាជាចោរលួចម៉ូតូទៅវិញ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​​ស្ថិតនៅ​រង្វង់​មូល​កួច​កាណុង ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។

យុវជនដែលចោទសមត្ថកិច្ចលួចម៉ូរូនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 1HC-0368 ។ ចំណែកសមត្ថកិច្ចដែលរងការចោទប្រកាន់ ក៏មិនត្រូវស្គាល់អត្តសញ្ញាណដូចគ្នា។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើជិះម៉ូតូដោយមានបិទតែមរញ៉េរញ៉ៃ បានធ្វើដំណើរមកដល់រង្វង់​មូល​កួច​កាណុង ស្រាប់តែត្រូវសមត្ថកិច្ចដែលកំពុងដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ បានហៅ​ឈប់ និង​ត្រួតពិនិត្យ​កាតគ្រី​ម៉ូតូ ដើម្បី​ធ្វើការផ្ទៀងផ្ទាត់​។

ប្រភពបានបន្តថា ក្រោយពិនិត្យផ្ទៀងផ្ទាត់ចប់ សមត្ថកិច្ចបានឲ្យយុវជនរូបនោះ រួមជាមួយម៉ូតូទៅធ្វើការផាកពិន័យនៅ​គោលដៅ​ចរាចរណ៍​នៅ​ជិត​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​ ដែល​ជា​គោលដៅ​ប្រចាំការ​របស់​សមត្ថកិច្ច​ជំនាញ។ ស្រាប់តែធ្វើដំណើរមកដល់​ចំណុច​ស្តុ​ប​ផ្ទះសំណាក់​ស្រែ​លាភ ជិត​វត្ត​នាគ​វ័​ន្ត ស្រាប់តែ​យុវជនរូបនេះ បាន​ស្រែក​ថាចោទសមត្ថកិច្ចថា “​ចោរៗ” ធ្វើឲ្យ​ភ្ញាក់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​នោះគ្រប់គ្នា។ ចំណែកសមត្ថកិច្ចដែលរួមដំណើរជាមួយយុវជនរូបនោះ ក៏បានទាក់ទង​តាម​វិទ្យុ ID ដើម្បី​ឲ្យ​សមត្ថកិច្ច​នៅក្បែរ​គោលដៅ​ឡើង​មក​ជួយអន្តរាគមន៍។

​ក្រោយពី​ធ្វើការ​ទាក់ទង​ឲ្យ​សមត្ថកិច្ច​ជំនាញ​ឡើង​មក​ជួយ​អន្តរាគមន៍ កម្លាំង​សមត្ថកិច្ច​ក៏បាន​នាំ​យុវជន និង​ម៉ូតូ​ខាង​លើ​ ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

RELATED ARTICLES