Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចខំប្រឹងបែបហ្នឹង ទើបគេសរសើរ...ត្រឹម១យប់ ដេញចាប់ឡានដឹកឈើបាន២គ្រឿង

សមត្ថកិច្ចខំប្រឹងបែបហ្នឹង ទើបគេសរសើរ…ត្រឹម១យប់ ដេញចាប់ឡានដឹកឈើបាន២គ្រឿង

ខេត្តមណ្ឌលគិរី ៖ ជំនួញរត់ពន្ធឈើខុសច្បាប់នៅក្នុងទឹកដីស្រុកកែវសីមា ហាក់មិនមានសញ្ញាថមថយចុះសោះ ខណៈឈើប្រភេទប្រណីតៗ ដូចជា បេង ធ្នង់ នាងនួន និងប្រភេទកម្រមួយចំនួន ត្រូវបានសកម្មជនព្រៃឈើអះអាងថា ទទួលរងការកាប់បំផ្លាញស្ទើរខ្ទេចខ្ទីអស់ពីក្នុងព្រៃនៃតំបន់ភូមិភាគឦសានទៅហើយ។

 ជាក់ស្តែងក្រុមលេខាធិការដ្ឋានស្រុកកែវសីមា ដឹកនាំដោយលោកហឿន សុខណា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឈើចំនួន២ករណីផ្សេងគ្នា ដោយប្រដេញចាប់បានរថយន្តដឹកឈើចំនួន២គ្រឿង ដែលបានលួចធ្វើសកម្មភាពដឹកឈើខុសច្បាប់ឆ្លងកាត់ស្រុកកែវសីមា។

សេចក្តីរាយការណ៍បានឱ្យដឹងថា ករណីទី១ កើតនៅម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្រុមលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុក សហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត និងកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបរថយន្តកាមរីហើម១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 2A-6593 នៅចំណុចភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយរថយន្តនេះដឹកឈើប្រណីតធ្នង់ជាច្រើនដុំ។

ចំណែកករណីទី២ កើតឡើងនៅម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃដដែល កម្លាំងចម្រុះបានបន្តចាប់រថយន្តសាំងយ៉ុង១គ្រឿង ពណ៌ទឹកប្រាក់ ពុំមានពាក់ស្លាកលេខ ដឹកឈើអារជ្រៀកប្រភេទលេខ១សុក្រម ចំនួន៨សន្លឹក ស្ថិតនៅចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា។

បច្ចុប្បន្ន វត្ថុតាងបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើកែវសីមា យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញបទល្មើសធនធានធម្មជាតិនេះ អ្នកតាមដានបញ្ហាបរិស្ថានបានលើកឡើងពីមហន្តរាយព្រៃឈើនៅខេត្តមណ្ឌលគិរី ត្រូវគេមើលឃើញថា បានបាត់បង់អស់រាប់ម៉ឺនម៉ែត្រគូប ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការកត់សម្គាល់ បើគិតចាប់ពីឆ្នាំ២០១៦ ក្រោយគណៈកម្មធិការថ្នាក់ជាតិទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្រុមការងារនេះបានរកឃើញឈើខុសច្បាប់ជាង៦ម៉ឺនម៉ែត្រគូប តាមបណ្តាក្រុមហ៊ុននិងដីសម្បទានសេដ្ឋកិច្ចជាច្រើននៅក្នុងខេត្តមណ្ឌលគិរី។

បន្ទាប់ពីស្ងាប់ស្ងាត់មួយរយៈ សកម្មភាពជួញដូរឈើបានកក្រើកឡើងវិញនាអំឡុងឆ្នាំ២០១៩ ហើយគណៈកម្មការថ្នាក់ជាតិដដែល បានចុះបង្ក្រាបបន្ទាន់ឈានដល់ចាប់ឃាត់មនុស្សមួយចំនួនដាក់ពន្ធនាគារ និងបំផ្លាញរថយន្តកែច្នៃរាប់សិបឈើដែលបម្រើដល់ការដឹកជញ្ជូនឈើខុសច្បាប់នេះផងដែរ៕

RELATED ARTICLES