Monday, November 24, 2025
Homeព័ត៌មានជាតិចុះប្រតិបត្តិការពេញ១ថ្ងៃ ម្ចាស់រត់អស់ រឹបអូសបានឈើរាប់សិបមុឺនម៉ែត្រគីប

ចុះប្រតិបត្តិការពេញ១ថ្ងៃ ម្ចាស់រត់អស់ រឹបអូសបានឈើរាប់សិបមុឺនម៉ែត្រគីប

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបានចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំ និងរឹបអូសឈើប្រណីតជាច្រើនសិបម៉ែត្រគីប នៅក្នុងស្រុកវាលវែង ដោយប្រតិបត្តិការនេះបានធ្វើឡើងពេញមួយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង។

កិច្ចប្រតិបត្តិការខាងលើ ដឹកនាំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក-ខេត្ត និងជំនាញបរិស្ថាន-ព្រៃឈើ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានក៏បានចូលរួមផងដែរ។

សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះធ្វើឡើងនៅ៤ទីតាំង ក្នុងនោះទីតាំងទី១-នៅផ្ទះ របស់ឈ្មោះបូរ៉ា ទីតាំងទី២-នៅចំណុចផ្ទះឈ្មោះធី ទីតាំងទី៣-នៅចំណុចផ្ទះរបស់ឈ្មោះរតនា និងទីតាំងទី៤-នៅចំណុចផ្ទះឈ្មោះក្លិន ត្រង់ចំណុចស្រែពាំង ចំនួន៣ទីតាំង និង១ទីតាំងទៀតនៅចំណុចតាំងយ៉។

សេចក្តីរាយការណ៍ដដែល បានឱ្យដឹងទៀតថា ឈើប្រណីតទាំងអស់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចម្រុះកំពុងធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការបរិស្ថាន។ មកដល់ពេលនេះនៅមិនទាន់អស់នៅឡើយ ហើយនៅមួយទីតាំងផ្សេងៗមួយចំនួនទៀត កំពុងត្រូវបានសមត្ថកិច្ចធ្វើការឡោមព័ទ្ធពេញ១យប់ រង់ចាំភ្លឺបន្តនិតិវិធីទៀត។

គួរបញ្ជាក់ថា បទល្មើសព្រៃឈើកន្លងមកនេះ ត្រូវគេមើលឃើញថាបានស្ងាត់មួយរយៈ តែពេលនេះបែរជាចាប់ផ្តើមកម្រើកឡើងវិញគួរឱ្យកត់សម្គាល់ រហូតត្រូវបានកម្លាំងចម្រុះចុះធ្វើការបង្ក្រាប់ទបស្កាត់ជាបន្តបន្ទាប់ និងឈានដល់ការបង្ក្រាបទ្រង់ទ្រាយធំដូចនៅពេលនេះ តែម្តង។

យ៉ាងណា ការបង្ក្រាបខាងលើនេះ មិនបានឃាត់ម្ចាស់ឈើទាំង៤ទីតាំងនេះឡើយ ខណៈដែលសមត្ថកិច្ចអះអាងថា ម្ចាស់ឈើបានរត់គេចខ្លួនបាត់អស់៕

RELATED ARTICLES