ខេត្តពោធិ៍សាត់ ៖ ដោយទទួលបទបញ្ជារបស់លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងពិធីអាពាហ៍ពិពាហ៍មួយ ពាក់ព័ន្ធករណីជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញសង្គមហ្វេសប៊ុក។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចរោងអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិផ្ចិកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង។

របាយការណ៍នគរបាល ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះមុត សាមៀន ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ត្រូវបានឃាត់ខ្លួនខណៈកំពុងថតរូបក្នុងពិធីអាពាហ៍ពិពាហ៍កូនកំលោះក្រមុំមួយគូ ស្ថិតក្នុងភូមិឃុំខាងលើ។
របាយការណ៍ដដែល ការឃាត់ខ្លួនជនសង្ស័យក្រោយទទួលបញ្ជាថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីជេរប្រមាថថ្នាក់ដឹកនាំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “មុត សាមៀន” បានប្រគល់ទទួលជូនលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕