Monday, November 24, 2025
Homeព័ត៌មានជាតិដើររកឃ្មុំដូចរាល់ដងមិនអី ថ្ងៃនេះភ័យឆោឡោនាំគ្នារត់ចែកជើង

ដើររកឃ្មុំដូចរាល់ដងមិនអី ថ្ងៃនេះភ័យឆោឡោនាំគ្នារត់ចែកជើង

ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់បាននាំគ្នាដើរចូលព្រៃដើម្បីរកឃ្មុំផង បេះបន្លែព្រៃផង ស្រាប់តែដើរៗក៏ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃ ធ្វើឱ្យមានការភ្ញាក់ផ្អើលភ័យឆោឡោនាំគ្នារត់ចែកជើង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចអូរបោសតាមៀយ ព្រៃសហគមន៍ភ្នំព្រះ ស្ថិតក្នុងភូមិសាស្ត្រឃុំគោកកឋិន ស្រុកថ្មពួក។

សាកសពជនរងគ្រោះពុំស្គាល់ឈ្មោះអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សប្រុសវ័យចំណាស់ អាយុប្រហែលជាង៦០ឆ្នាំ។

តាមប្រភពពីប្រជាពលរដ្ឋឈ្មោះយស អៀប ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះតែម តាយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ គោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាចេញពីផ្ទះចូលព្រៃដើម្បីដើររកឃ្មុំ និងដើរបេះបន្លែព្រៃនៅចំណុចអូរបោសតាមៀយ ព្រៃសហគមន៍ភ្នំព្រះ ភូមិសាស្ត្រឃុំគោកកឋិន ស្រុកថ្មពួក ដូចសព្វដង លុះពេលដើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពដេកស្លាប់ធ្វើឱ្យភ័យឆោឡោនាំគ្នារត់ចូលភូមិវិញ និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា សាកសពជនរងគ្រោះមិនស្គាល់ឈ្មោះអត្តសញ្ញាណមានវ័យជាង៦០ឆ្នាំ ពាក់អាវពណ៌ខ្មៅពីក្នុង ពាក់អាវដៃខ្លីក្រឡាបង្កង់ពណ៌ស-ខ្មៅ-ក្រហមខាងក្រៅ ស្លៀកខោក្រណាត់ពណ៌ខ្មៅជើងវែង ដោយមានសម្ភារភួយខោអាវ១ការុង មានមីចំនួនពីកញ្ចប់ កែវជួតមួយ បារីមួយកញ្ចប់ និងប្រាក់បាតចំនួន៤៣២០បាត ប្រាក់ខ្មែរ៥ម៉ឺនរៀល មានពាក់នាឡិកាដៃចុចកាសស្យូនៅដៃខាងឆ្វេង។

ករណីនេះក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យធ្វើការពិនិត្យរួចរាល់ បានសន្និដ្ឋានថា សពអាចស្លាប់ដោយសារខ្យល់គ និងអត់បាយអត់ទឹកនៅក្នុងព្រៃម្នាក់ឯង និងពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ។

សាកសពខាងលើត្រូវបានសមត្ថកិច្ចសម្រេចបូជានៅកន្លែងកើតហេតុ ពីព្រោះសពមានសភាពរលួយ និងគ្មានបងប្អូននិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យឡើយ៕

RELATED ARTICLES