Monday, November 24, 2025
Homeព័ត៌មានជាតិទំនងជាគាត់អន់ចិត្តប្រពន្ធថា " យើងបានលែងលះគ្នាហើយ កុំមកស្និទ្ធស្នាលពេក"

ទំនងជាគាត់អន់ចិត្តប្រពន្ធថា ” យើងបានលែងលះគ្នាហើយ កុំមកស្និទ្ធស្នាលពេក”

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់មិនសូវចុះសម្រុងនឹងគ្នា ក៏សម្រេចបែកចែកផ្លូវគ្នាមួយរយៈមកហើយ ប៉ុន្តែមិនទាន់បានលែងលះតាម ផ្លូវច្បាប់ លុះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃឡើងតុលាការដើម្បីផ្តិតមេដៃលែងលះគ្នាជាស្ថាពរ ស្រាប់តែបុរសជាប្តីដែលនៅមិនទាន់ដាច់អាល័យពីប្រពន្ធនៅឡើយ ឈឺចិត្តស្អិតទ្រូងទ្រាំលែងបានក៏សម្រេចចិត្តគិតខ្លីលោតចុះពីលើផ្ទះជាន់ទី២ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ លុះបញ្ចូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចទីតាំងសិប្បកម្មនំប៉័ង យីហោ ទី ចាន់ថា មានទីតាំងស្ថិតក្នុងភូមិដើមអំពិល១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ មានឈ្មោះពេជ្រ គឹមហុង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកសិប្បកម្មនំប៉័ង ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអង្គ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

តាមសម្តីពីបុរសម្នាក់ឈ្មោះសៅ ជា អាយុ៣២ឆ្នាំ ជាបុគ្គលិកធ្វើការជាមួយគ្នា បានឱ្យដឹង ថា ជនរងគ្រោះនិងប្រពន្ធបានរៀបការមានអេតាស៊ីវិលត្រឹមត្រូវ តែក្រោយមកដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេលជាយូរមកហើយ គ្រាន់តែមិនទាន់បានផ្តិតមេដៃលែងលះត្រឹមត្រូវតាមផ្លូវច្បាប់នៅឡើយ លុះជិតដល់ថ្ងៃឡើងតុលាការ ដើម្បីផ្តិតមេដៃលែងលះជាមួយប្រពន្ធ ស្រាប់តែជនរងគ្រោះសម្រេចចិត្តលោតសម្លាប់ខ្លួនបែបនេះតែម្តង។

ប្រភពដដែល បន្តថា កាលពីអំឡុងថ្ងៃចូលឆ្នាំចិន ថៅកែសិប្បកម្មនំប៉័ងបានឱ្យបុគ្គលិកសម្រាកទៅលេងស្រុកកំណើត ពេលនោះជនរងគ្រោះបានទៅដល់ស្រុកកំណើត ក៏បានហូបចុកផឹកស៊ីស្រវឹង ហើយក៏បានទៅឱបប្រពន្ធពីក្រោយ តែពេលនោះក៏ត្រូវប្រពន្ធបានទះមួយកំផ្លៀង និងប្រាប់ថា យើងបានលែងលះគ្នាហើយ កុំមកស្និទ្ធស្នាលពេក។

ពេលនោះ ជនរងគ្រោះឡើងមកភ្នំពេញ ធ្វើការវិញ គឺមានអារម្មណ៍ខុសប្លែកពីធម្មតា រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី២ម្តងហើយ កាលពីប៉ុន្មានថ្ងៃមុន តែត្រូវក្រុមកម្មករឃើញទាន់ ក៏ចាប់ឃាត់។

លុះដល់ម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះបានសម្រេចចិត្តលោតពីលើសិប្បកម្មធ្វើនំបុង័នេះម្តងទៀត ត្រូវបានអ្នកដែលធ្វើការជាមួយគ្នាឃើញ បានដឹកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកមានជ័យ តែ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក លោកគ្រូពេទ្យក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ប៉ុន្តែអកុសល ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

រហូតម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែល ទើបម្ចាស់ផ្ទះបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅទី១ ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ រាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច័យខណ្ឌច្បារអំពៅ និងបានសហការជាមួយខាងកោសល្យវិច័យការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យទីតាំងនៅកន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ ពីលើផ្ទះជាន់ទី២ពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មអ្វីនោះទេ។

បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES