ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានថ្លែងថា ករណីផ្ទុះនូវវីរុរសកូរ៉ណានៅប្រទេសចិន ដែលធ្វើឲ្យមានអ្នកស្លាប់និងឆ្លងជាច្រើននាក់នោះ សម្តេចនឹងមិនបិទជើងហោះហើរពីប្រទេសចិន ហើយនឹងមិនមានគម្រោងបញ្ជូនប្រជាជនមកកាន់ស្រុកកំណើតវិញនោះ។ ដោយឡែក នៅថ្ងៃនេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាចាត់ទុកចិន ជាមិត្តភាពដែលថែប ហលយចូលរួមលំបាកគ្រប់0កាលៈទេសៈជាមួយគ្នា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមផៃ ស៊ីផាន បានលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់សូមចូលរួមរំលែកនូវទុក្ខកង្វល់ និងការលំបាកជាមួយរដ្ឋាភិបាល និងប្រជាជនចិនដែលបាននិងកំពុងប្រឈមនឹងការវាយប្រហារពីវីរុសកូរ៉ូណាថ្មី ដែលបានសម្លាប់ប្រជាជន និងធ្វើឱ្យមានអ្នកស្លាប់កើនឡើងជាលំដាប់ គិតមកដល់ពេលបច្ចុប្បន្ននេះ។

លោកផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ថា នេះគឺជាការចូលរួមការលំបាកមួយជាមួយមហាយក្សចិន ដែលកម្ពុជាចាត់ទុកជាមិត្តភាពដែកថែប ហើយដែលកម្ពុជាមិនមែនត្រឹមតែមិត្តភាពដែកថែបក្នុងកាលៈទេសៈនេះនោះទេ គឺកម្ពុជា-ចិន មានមិត្តភាពជាប្រវត្តិសាស្រ្ត។
លោកផៃ ស៊ីផាន បានបញ្ជាក់ថា “រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់សូមចូលរួមរំលែកកង្វល់ បារម្ភ និងទុក្ខសោកជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ”។

លោកផៃ ស៊ីផាន បានបន្ដថា អ្វីដែលជាផលលំបាក ឬឧបសគ្គរបស់ចិន ក៏ជាឧបសគ្គ និងជាការលំបាករបស់កម្ពុជា ហើយអ្វីដែលជាលំបាក ឬឧបសគ្គរបស់កម្ពុជា ក៏ជាឧបសគ្គ និងជាការលំបាករបស់ចិន ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងរហូតដល់៣៧១នាក់ និងអ្នកកំពុងឆ្លង ចំនួន១៧២០០នាក់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានCNA របស់សិង្ហបុរី នៅរសៀលថ្ងៃនេះ៕