ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតដល់បែកថ្នាំ ត្រូវក្រុមគ្រួសារចាប់ដាក់មណ្ឌលអប់រំផ្តាច់ថ្នាំញៀន៣ខែមកហើយ លុះចេញមកវិញមិនកែប្រែចរិត បែរជាខ្លាំងដៃលើសដើមរហូតដល់ដើរបង្ករឿងអុកឡុកវ៉ៃគេឯងពេញភូមិ និងថែមទាំងបានវាយបំផ្លាញរបស់ទ្រព្យអ្នកជិតខាង បណ្តាលឱ្យរងការខូចខាតអស់មួយចំនួនធំ ទើបអ្នកជិតខាងទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចចាប់អូសកនាំយកទៅចាត់ការតាមច្បាប់តែម្តង។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់ រួមមាន ៖
ទី១-ឈ្មោះឈួន ផាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន មានលំនៅភូមិឃុំកើត ហេតុ (ខូចខាតអំពូលភ្លើងចំនួន១ បាក់ជើងកាំមេរ៉ាសុវត្ថិភាពចំនួន១ និងខូចខាតទំនិញមួយចំនួន)។
និងទី២-ឈ្មោះថៃ សុភក្ត្រ័ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល (ខូចខាតកញ្ចក់ទ្វារតូបលក់កាហ្វេចំនួន១ផ្ទាំង ក្រពឹតទ្វាររូតដែកតូបលក់កាហ្វេ ១កន្លែង និងបែក ផើងផ្កាចំនួន១)។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា សុវណ្ណដា ហៅហ្គោ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ រីឯវត្ថុតាង ចាប់យកដំបងឈើ១កំណាត់។
តាមប្រភពព័ត៌មានពីកន្លែងកេតិហេតុ បានឱ្យដឹងថា កន្លងមកជនសង្ស័យជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតមានសភាពញៀនថ្នាំខ្លាំង តែងរករឿងឪពុកម្តាយ បងប្អូន ហើយឪពុកម្តាយធ្លាប់បានយកជនសង្ស័យទៅដាក់នៅមណ្ឌលកែប្រែបន្សាបថ្នាំញៀនឱកាសខ្ញុំ រយៈពេល៣ខែមកហើយ តែពេលត្រឡប់មកផ្ទះវិញនៅតែមិនកែខ្លួន នៅបន្តជក់ថ្នាំញៀនដដែល។

លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានដើរចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះឈួន ផាន់ណា ព្រមទាំងស្ទុះចូលទៅវាយឈ្មោះឈួន ផាន់ណា តែឈ្មោះឈួន ផាន់ណា ចេះតែដើរគេចចេញ ហើយជនសង្ស័យបានទាត់ទំនិញរបស់ឈ្មោះឈួន ផាន់ណា បណ្តាលឱ្យខូចខាតអស់មួយចំនួន។

បន្ទាប់មកជនសង្ស័យបានយកដំបងទៅវាយកញ្ចក់ទ្វារតូបលក់កាហ្វេ របស់ឈ្មោះថៃ សុភក្ត្រ័ ជាប្អូនថ្លៃរបស់ឈ្មោះឈួន ផាន់ណា បណ្តាលឱ្យបែកកញ្ចក់ទ្វារ១ផ្ទាំង បន្ទាប់មកឈ្មោះឈួន ផាន់ណា បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ជនសង្ស័យ នៅត្រឹមប៉ុស្តិ៍នគរបាលព្រែកតាមាក់។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានយកដំបងឈើទៅវាយអំពូលភ្លើងនៅមុខផ្ទះឈ្មោះឈួន ផាន់ណា បែកអស់១ វាយកាមេរ៉ាសុវត្ថិភាពបណ្តាលឱ្យបាក់ជើងអស់១ វាយទ្វារផ្ទះ ទ្វាររូតដែក លើកគ្រែបំបាស់ និងទាត់ធុងដាក់ទំនិញ រួចក៏ទៅវាយទ្វារដែករូតតូបលក់កាហ្វេរបស់ឈ្មោះថៃ សុភក្ត្រ័ ក្រពឹតខូចខាត១កន្លែង និងវាយផើងផ្កាបែកអស់១ទៀត។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ជនសង្ស័យខាងលើតទៅទៀតលែងបាន ទើបជនរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕