ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបង្ហើបថា នៅពេលឆាប់ៗខាងមុខនេះ នឹងមានការស្ថាបនាផ្លូវក្រោមដីនៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ដើម្បីជួយសម្រួលការធ្វើដំណើររបស់និស្សិត និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំណុចនោះ។

លោកឃួង ស្រេង បានបញ្ជាក់បែបនេះបន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃដដែលនោះ លោកឃួង ស្រេង បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកស្តីអំពីកិច្ចប្រជុំនោះថា “នាពេលឆាប់ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសា បរទេស (IFL)។

នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពីការស្ថាបនាផ្លូវក្រោមដីត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (ធីឡ) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំណុចនោះ៕
