Monday, November 24, 2025
Homeព័ត៌មានជាតិនាងវង្វេងទីក្រុងហើយ អ្នករត់ម៉ូតូឌុបមិនជួយ ថែមទាំងដឹកចូល...

នាងវង្វេងទីក្រុងហើយ អ្នករត់ម៉ូតូឌុបមិនជួយ ថែមទាំងដឹកចូល…

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ព្រោះតែជួបនឹងបញ្ហាជីវភាពក្រីក្រតោកយ៉ាកខ្លាំងពេក ក៏ដាច់ចិត្តរត់ចោលផ្ទះ មិនឱ្យឪពុកម្តាយដឹងទេ បំណងមករកការងារធ្វើ គ្រាន់បានប្រាក់ឈ្នួលទប់ទល់ជីវភាពគ្រួសារ ដឹងអី! ចូលដល់ដីក្រុងវង្វេងផ្លូវក៏ស្រាប់តែត្រូវអ្នករត់ម៉ូតូឌុបម្នាក់ប្រើល្បិចធ្វើជាអាណិតជូនទៅរកកន្លែងស្នាក់នៅ ស្រាប់តែប៉ងដឹកចូលផ្ទះសំណាក់ តែត្រូវក្មេងស្រីរូបនោះដឹងខ្លួនទាន់ក៏ស្ទុះលោតចុះពីលើម៉ូតូស្រែកឆោឡោហៅគេឱ្យជួយបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីដែលវង្វេងផ្លូវ និងត្រូវម៉ូតូឌុបកំហូចប៉ងនាំចូលផ្ទះសំណាក់នេះ មានឈ្មោះសឿក សុភ័ក្រ អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ មានម្តាយឈ្មោះគឿម ឃួម ឪពុកឈ្មោះរើន សព្វថ្ងៃរស់នៅ ស្រុកកំណើត។

តាមសម្តីក្មេងស្រីខាងលើបានរៀបរាប់ទាំងអារម្មណ៍ភិតភ័យថា ដោយសារតែជីវភាពក្រលំបាកពេក ឪពុកម្តាយរបស់នាងមានកូនច្រើនដល់ទៅ៧នាក់ (ប្រុស៥ ស្រី២) ហេតុនេះទើបនាងបានសម្រេចចិត្តចុះចោលផ្ទះជាច្រើនដងមកហើយ ដោយធ្លាប់ទៅរស់នៅជាមួយគេនៅឯខេត្តព្រះសីហនុ បានជាង២ខែ ក្រោយមកក៏ត្រឡប់ទៅផ្ទះវិញ។

ក្មេងស្រីរូបនេះបន្តថា បន្ទាប់មកនាងមានបំណងចង់មកធ្វើការនៅភ្នំពេញ ទោះជាការងារអ្វីក៏ធ្វើដែរ  ទើបនាងសម្រេចចិត្តរត់ចេញពីផ្ទះជាលើកទី២ ដោយមិនឱ្យឪពុកម្តាយដឹងទេ។

មុនពេលកើតហេតុ នាងបានជិះរថយន្តឈ្នួលមកផ្សារដើមគ មកដល់នៅវេលាម៉ោង៧និង៣០នាទីយប់ បន្ទាប់មកនាងបានចូលសម្រាកនៅម្តុំផ្សារដើមគជាងមួយម៉ោង ទើបអ្នករត់ម៉ូតូឌុបម្នាក់ធ្វើជាចិត្តល្អចូលមកសួរនាំ ដឹងថា នាងវង្វេងគ្មានគោលដៅច្បាស់លាស់ ទើបប្រាប់ថា ចាំគេជូនទៅវិទ្យុអេប៊ីស៊ី ដើម្បីរកកន្លែងសម្រាកស្នាក់នៅបណ្តោះអាសន្ន។

ពេលនោះ នាងក៏ព្រមឡើងជិះម៉ូតូទៅជាមួយគេ ដឹងអី! ប៉ះម៉ូតូឌុបកំហូចប៉ងនាំនាងចូលដេកផ្ទះសំណាក់ តែត្រូវនាងដឹងទាន់ពេលមានការភិតភ័យ ក៏លោតចុះពីលើម៉ូតូរួចរត់តែម្តង ចំណែកអ្នករត់ម៉ូតូឌុបក៏បានបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានជួយនាំក្មេងស្រីរូបនេះទៅសាលាសង្កាត់ តែមកដល់សង្កាត់ មិនមានមនុស្ស ព្រោះបានបិទទ្វារអស់ហើយ ទើបប្រជាពលរដ្ឋរូបនោះក៏បានប្រគល់នាងឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី១តែម្តង។

បន្ទាប់ពីសមត្ថកិច្ចសួរនាំដឹងថា ក្មេងស្រីខាងលើស្គាល់បងប្អូននៅម្តុំផ្សារអូរឫស្សី ឈ្មោះតាំង លីលី លក់បាយ លក់គុយទាវ តែនាងវង្វេងរកមិនឃើញ ទើបនាងចង់ទៅសម្រាកនៅប៉ុស្តិ៍វិទ្យុសិន។ បន្ទាប់មក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានហៅម៉ូតូកង់បីដឹកនាងយកទៅសម្រាកនៅវិទ្យុអេប៊ីស៊ី សិន រង់ចាំទាក់ទងរកបងប្អូនតាមក្រោយ”៕

RELATED ARTICLES