ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនគណៈកម្មការអឺរ៉ុប នូវរបាយការណ៍គ្រប់ជ្រុងជ្រោយ អំពីសកម្មភាពនិងវិធានការនានាដែលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ដែលនេះការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុប អំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ជាបណ្តោះអាសន្ន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សេចក្តីឆ្លើយតបចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធបញ្ហា EBA នេះ បានប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយអនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍ដដែល បន្ថែមថា ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងពិចារណាលើការខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ EBA ដែលអាចផ្តល់ផលប៉ះពាល់ដល់កម្មករ ជិត១លាននាក់ និងក្រុមគ្រួសាររបស់ពួកគេ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នោះ មានខ្លឹមសារទាំងស្រុងថា “អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុប អំពីការរកឃើញនិងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្នដែលបានផ្តល់ឱ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខ ទំនិញលើកលែងសព្វាវុធ EBA”។

សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិក្នុងការចូលរួម នយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចោញមតិ និងសេរីភាពបង្កើតសមាគម ជាដើម។

ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆនៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គមដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា៕