ភ្នំពេញ ៖ ស្ត្រីជាកម្មការិនិរោងចក្រម្នាក់ទើបចេញពីធ្វើការ ដើរសំដៅទៅបន្ទប់ជួលវិញ ស្រាប់តែត្រូវជនសង្ស័យមួយក្រុមប្រើល្បិចធ្វើជារើសបានកញ្ចប់មាស រួចក៏ល្បួងនាំទៅកន្លែងស្ងាត់ដើម្បីចែកគ្នា ចំណែកស្ត្រីរងគ្រោះហេតុតែចង់បានចំណែកនឹងគេដែរក៏ព្រមទៅតាម ទីបំផុតក៏ត្រូវក្រុមជនសង្ស័យល្បួងដោះយកគ្រឿងអលង្ការ ទូរស័ព្ទ និងលុយកាក់អស់ពីខ្លួនរលីង រកតែលុយជិះម៉ូតូឌុបទៅប្តឹងប៉ូលិសគ្មានផង។
ករណីស្ត្រីកម្មការិនីរោងចក្រចាញ់ល្បិចក្រុមទម្លាក់យោងខាងលើនេះ បានកើតទ្បើងកាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ ក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះឆិល ចាន់ដារ៉ា អាយុ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រ៣ជាន់ នៅភូមិព្រៃព្រីងជើង ជាស្ត្រីមេម៉ាយមានកូនប្រុសស្រី២នាក់ ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតភូមិត្រពាំងថ្នល់ ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកសម្ភារបាត់បង់ រួមមាន ចិញ្ចៀនត្រាមាសទម្ងន់៣ជី ក្រវិលមាស៥ហ៊ុន លុយ២០០ដុល្លារ ទើបបើកបានថ្មីៗ លុយខ្មែរមួយចំនួន ព្រមទាំងទូរស័ព្ទដៃ១គ្រឿងម៉ាក Oppo។

តាមសម្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ គ្រាដែលគាត់ទើបនឹងចេញពីធ្វើការរោងចក្រដើរឆ្ពោះទៅផ្ទះជួល ក៏បានជួបស្ត្រីសង្ស័យម្នាក់ដើរមកសាកសួរថា មានរើសបានកញ្ចប់លុយមាសឬទេ លុះគាត់មិនទាន់ឆ្លើយផង ក៏មានជនសង្ស័យជាបក្ខពួកម្នាក់ទៀតបានដើរមកប្រាប់ថា គេជាអ្នករើសបាន និងប្រាប់កុំឱ្យគាត់មាត់ខ្លាចគេឮដោយសន្យាថានឹងចែកមាសក្នុងកញ្ចប់នេះឱ្យគាត់ដែរ។

ស្ត្រីរងគ្រោះ បន្ថែមថា បន្ទាប់មកក្រុមជនសង្ស័យមានគ្នា៤នាក់ (ប្រុស២ ស្រី២) ជិះម៉ូតូ២គ្រឿង ក៏បានល្បួងនាំគាត់ទៅចែកគ្នា លុះទៅដល់ចំណុចផ្លូវលំ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រុមជនសង្ស័យក៏បានធ្វើការដោះដូរយកគ្រឿងអលង្ការ លុយកាក់ ទូរស័ព្ទ របស់គាត់ទាំងអស់ ដោយហុចកញ្ចប់ក្រហមមួយឱ្យគាត់កាន់ឱ្យជាប់កុំទាន់ស្រាយមើល រួចហើយក្រុមជនសង្ស័យក៏បណ្តោះគ្នាឡើងជិះម៉ូតូគេចទៅបាត់អស់។ លុះពេលគាត់ស្រាយកញ្ចប់នោះមើល ទើបភ្ញាក់ខ្លួនដឹងថាចាញ់បោកគេអស់ពីខ្លួនទៅហើយ។

ក្រោយពីដឹងថា ចាញ់បោកគេហើយ ស្ត្រីរងគ្រោះបានសុំម៉ូតូគេជិះវិលត្រឡប់មកផ្ទះជួលវិញ ដោយមិនដឹងថាទៅប្តឹងសុំការអន្តរាគមន៍ នៅប៉ុស្តិ៍ប៉ូលិសខាងណា។
រហូតដល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ លុះនគរបាលសាកសួរទើបដឹងរឿងហេតុ ប្រាប់ឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ត្រពាំងក្រសាំងវិញ ជាកន្លែងកើតហេតុ៕