ខេត្តស្វាយរៀង ៖ បុរសរងគ្រោះជនជាតិចិន ដែលជាបគ្គលិកក្រុមហ៊ុនអនឡាញម្នាក់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងបាវិត បន្ទាប់ពីមានជនសង្ស័យជាជនជាតិចិនចំនួន៤នាក់ បម្រើការងារជាមួយគ្នាបានលួចយករថយន្តនិងទូដែកដាក់លុយប្រមាណ៥០ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច (អគារ F) ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ក្នុងភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពប្រភពពីអធិការដ្ឋាននគរបាលក្រុងបាវិត បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ង វីឈាន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានលំនៅស្រុកហ្វូជៀន ខេត្តហ្វូជៀន ប្រទេសចិន។
ចំណែកជនសង្ស័យទី១- មានឈ្មោះសូង ប៉ៃសិន (SONG BAIXIN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានលំនៅស្រុកហ៊ីឡុងចាំង ខេត្តហ៊ីឡុងចាំង ប្រទេសចិន។
ទី២-ឈ្មោះវ៉ង ប៉ាវអ៊ី (WANG BAOYU) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានលំនៅស្រុកហ៊ីឡុងចាំង ខេត្តហ៊ីឡុងចាំង ប្រទេស ចិន។
ទី៣-ឈ្មោះលី ចាំងឈាន (LI ZHAN- QUAN) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានលំនៅស្រុកហ៊ីឡុងចាំង ខេត្តហ៊ីឡុងចាំង ប្រទេសចិន
និងទី៤-ឈ្មោះឈិង ឡឹស៊ាន (CHENG LESHAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មាន លំនៅស្រុកចាំងស៊ូ ខេត្តចាំងស៊ូ ប្រទេសចិន។
ប្រភពដដែលឱ្យដឹងថា រថយន្តក្រុមហ៊ុនដែលត្រូវជនសង្ស័យលួច ម៉ាក VOLKSWAGEN MULTIVAN ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-3908 កម្មសិទ្ធិរបស់ឈ្មោះ SU PEIYUAN ភេទប្រុស និងទូដែកដែលមានប្រាក់ចំនួន៥០ម៉ឺនដុល្លារ។

បើតាមជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ជនសង្ស័យទាំង៤នាក់ខាងលើបានធ្វើសកម្មភាពលួចយករថយន្តរបស់ក្រុមហ៊ុន១គ្រឿង និងលួចយកទូដែកដែលមានប្រាក់ចំនួន៥០ម៉ឺនដុល្លារ នៅចំណុច (អាគារ F) ស្ថិតក្នុងបរិវេណកាស៊ីណូម៉ុកបាយ ក្នុងភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង ហើយក៏បានគេចខ្លួនរហូតដល់ព្រឹក ក៏មានការភ្ញាក់ផ្អើលបាត់រថយន្តទើបដាក់ពាក្យបណ្តឹងតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យទាំង៤ ដើម្បីចាត់ការបន្តតាមច្បាប់៕