ខេត្តកំពង់ស្ពឺ ៖ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង សហការដឹកនាំដោយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័យជាចោរស្ទាក់ប្លន់ម៉ូតូបានចំនួន៨នាក់ (ស្រី២នាក់) ពាក់ព័ន្ធករណីសង្ស័យធ្វើសកម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅបន្ទប់ជួលរបស់ឈ្មោះខឹម កល្លិកា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចដកហូតបានម៉ូតូមិនប្រក្រតីចំនួន៦គ្រឿង និងសម្ភារៈមួយចំនួនទៀត (ឧបករណ៍មធ្យោបាយ) និងឃាត់ខ្លួនជនសង្ស័យទាំងនោះ រួមមាន ៖
ទី១-ឈ្មោះរឿន កវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង។
ទី២-ឈ្មោះនាង សីហា ហៅប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង។
ទី៣-ឈ្មោះស៊ន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចម្ការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង។
ទី៤-ឈ្មោះហ៊ីង ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង។
ទី៥-ឈ្មោះនិត ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំពៅង ឃុំព្នាយ ស្រុកសំរោងទង។
ទី៦-ឈ្មោះញ៉ែម ចាន់ដែត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូម៉ិរំលោង ឃុំវល្លិស ស្រុកសំរោងទង។
ទី៧-ឈ្មោះសុខ ស្រីលាប ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន។ និងទី-៨ឈ្មោះបួយ កែវ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន។
ដកហូតបានម៉ូតូ៦គ្រឿង សម្ភារៈគ្រឿងបន្លាស់ម៉ូតូ និងដាវកាំបិតផ្គាក់មួយចំនួន ជាវត្ថុតាងធ្វើសកម្មភាពកាប់ប្លន់។

តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថា ប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះគឺស្ទាក់វ៉ៃប្លន់អ្នកដំណើរពេលយប់ ដោយប្រើប្រាស់ដាវ និងដំបងជាញឹកញាប់ ដែលក្រុមនេះតែងតែធ្វើសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅពេលទៀបភ្លឺ និងពាក់កណ្តាលយប់ នៅពេលមានអ្នកដំណើរចេញទៅរកស៊ី ឬដឹកបន្លែទៅទីផ្សារជាដើម។ ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារៈតែម្តង។

យោងតាមចម្លើយបឋមថា បក្ខពួកក្រុមចោរមួយចំនួនទៀត បានកំពុងរត់គេចខ្លួនបន្ទាប់ពីសមត្ថកិច្ចធ្វើការបង្ក្រាបបក្ខពួករបស់គេ។ តែទោះបីយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា មុខសញ្ញាជនសង្ស័យសេសសល់ទាំងនោះ កម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយ និងបន្តស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ជាបន្តនៅពេលខាងមុខ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕