ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាអ្នកបើកបររថយន្តបានធ្វើសកម្មភាពផ្តាច់ប្រព័ន្ធ GPS ប៉ងលួចរថយន្តម៉ាក Hyundai Mighty មួយគ្រឿងរបស់ថៅកែខ្លួន តែត្រូវបានថៅកែដឹងទាន់ក៏ចាប់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះវិន វី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ទី២-ឈ្មោះរស់ សារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត និងទី៣-ឈ្មោះណូ មុន្នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូរថយន្ត។
ជនសង្ស័យទាំង៣នាក់មានលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅ ផ្ទះលេខ៨ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះដែលជាថៅកែរបស់ជនសង្ស័យទាំង៣នាក់ បានឱ្យដឹងថា នៅថ្ងៃកើតហេតុគាត់បានសម្រាកនៅផ្ទះលេខ៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមេការឈ្មោះបិត តុលា ភេទប្រុស បានទូរស័ព្ទប្រាប់ថា ជនសង្ស័យទាំង៣នាក់ដឹងកន្លែងផ្តាច់ប្រព័ន្ធជីភីអេសរថយន្តដែលបានដាក់នៅរថយន្តម៉ាក Hyundai Mighty ពាក់ស្លាកលេខភ្នំពេញ៣D-៨២៥៣ ហើយបានយកសោទៅបាត់។
ក្រោយពីទទួលទូរស័ព្ទចប់ ជនរងគ្រោះក៏បានហៅមេការឈ្មោះបិត តុលា មកកន្លែង ដែលបាត់រថយន្តខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ ប្រគល់ជូនសមត្ថកិច្ចនគរបាល ដើម្បីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងដាក់ពាក្យបណ្តឹងលើជនសង្ស័យទាំងបីនាក់ ដើម្បីឱ្យសមត្ថកិច្ចនគរបាលចាត់ការតាមផ្លូវច្បាប់៕