ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានដៃគូភាគហ៊ុនរកស៊ី ដាក់ពាក្យបណ្តឹងចោទប្រកាន់ពីបទឆបោកប្រាក់និងរំលោភលើទំនុកចិត្ត បន្ទាប់ពីអ្នកទាំងពីរបានចូលហ៊ុនគ្នារកស៊ី (ទិញលក់សម្លៀកបំពាក់) លុះពេលចំណេញបានប្រាក់ បែរជាស្ត្រីខាងលើវេចលុយរត់បាត់ ធ្វើឱ្យម្ចាស់ភាគហ៊ុនខាតបង់ប្រាក់អស់ជាច្រើន និងកើតទុក្ខមិនសុខចិត្តក៏ប្តឹងឱ្យសមត្ថកិច្ចព្រហ្មទណ្ឌចាប់ឃាត់ខ្លួន។
ស្ត្រីខាងលើត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លុះមកដល់ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានបញ្ជូនស្ត្រីខាងលើទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកប៊ុន ធី ដើម្បីសួរនាំនិងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះម៉ែន ណាត អាយុ៣៨ឆ្នាំ មានលំនៅក្នុងបុរីពិភពថ្មី២ ផ្ទះលេខ២៣ ផ្លូវលេខ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់និងរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញាឆ្នាំ២០១៨។
ក្រោយពីការបើកស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើជនសង្ស័យឈ្មោះម៉ែន ណាត ពីបទរំលោភលើទំនុកចិត្ត និងបញ្ជូនសំណុំរឿងទៅជូនចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានបង្ហើបថា កំពុងមានអ្នករត់ការសុំដោះលែងជនត្រូវចោទឈ្មោះម៉ែន ណាត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈជនរងគ្រោះនៅពុំទាន់បានទទួលសំណងសូម្បីតែមួយរៀលនៅឡើយ។
ដោយឡែកជនរងគ្រោះសង្ឃឹមនិងជឿជាក់ថា មន្ត្រីអ្នកច្បាប់នឹងពិចារណាផ្តល់យុត្តិធម៌ដល់ពួកគាត់ដែលបានចាញ់បោកស្ត្រីត្រូវចោទអស់ប្រាក់ជាច្រើន និងទទូចស្នើសុំដល់តុលាការ មេត្តាឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំនីតិវិធីបន្ត ព្រោះបើសិនតុលាការដោះលែងជនត្រូវចោទនោះ ជននេះនឹងបន្តរត់គេចខ្លួនដូចកាលពីគ្រាមុនទៀតហើយ ដោយមិនព្រមទទួលខុសត្រូវចំពោះសំណងទូទាត់ដែល ជនរងគ្រោះបានខូចខាតនោះទេ។

គួររំលឹកថា ស្ត្រីត្រូវចោទឈ្មោះម៉ែន ណាត កំពុងទទួលរងនូវបណ្តឹងជាច្រើននៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ក្នុងមុខរបររកស៊ីទិញលក់សម្លៀកបំពាក់ចូលហ៊ុនគ្នាជាមួយក្រុមជនរងគ្រោះ ប៉ុន្តែជនត្រូវចោទបានយកទំនិញទៅលក់បានលុយ មិនចែកទាំងដើម និងយកទាំងប្រាក់ចំណេញតែម្នាក់ឯង រួចរត់គេចខ្លួនពីក្រុមជនរងគ្រោះជាម្ចាស់ភាគហ៊ុន រហូតក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងចូលតុលាការដើម្បីជួយរកយុត្តិធម៌។
ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីដែលទទួលរងការចោទប្រកាន់ខាងលើបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕