ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់បានប្រើល្បិចបន្លំខ្លួនធ្វើជាមន្ត្រីកាកបាទក្រហម ដើរចុះស្រង់ឈ្មោះជនក្រីក្រដើម្បីនាំយកទៅចែកអំណោយ លុះឃើញស្ត្រីចំណាស់ម្នាក់នៅតែឯងក៏ចូលទៅឆបោកសុំថតរូប រួចប្រាប់ស្ត្រីចំណាស់ឱ្យដោះចិញ្ចៀនមាសពាក់នៅដៃចេញ ខ្លាចគេឃើញអត់បានអំណោយ លុះស្ត្រីចំណាស់ដោះចិញ្ចៀនដាក់លើគ្រែស្រាប់តែជនសង្ស័យបានឆក់យករួចជិះម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួននាំយកមកចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលព្រែកដំបូក បានទទួលពាក្យបណ្តឹងពីឈ្មោះចាន់ សំអឿន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បានប្តឹងពីជនសង្ស័យដែលបានប្រើល្បិចឆបោកយកមាសរបស់គាត់ហើយជិះម៉ូតូគេចខ្លួន។
ស្ត្រីរងគ្រោះបានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មានមនុស្សប្រុសម្នាក់ជិះម៉ូតូពណ៌ក្រហមចូលទៅផ្ទះរបស់គាត់នៅពេលគាត់នៅតែម្នាក់ឯង ហើយជនសង្ស័យប្រាប់គាត់ថា គេធ្វើការខាងកាកបាទក្រហម ដើររើសរកអ្នកក្រីក្រដើម្បីចែកអំណោយដល់ជនក្រីក្រនៅសាលាឃុំរៀងរាល់ខែ បន្ទាប់មកជនសង្ស័យក៏បានឱ្យគាត់ឈរថតដើម្បីបង្ហោះ។ ពេលនោះជនសង្ស័យឃើញគាត់ពាក់ចិញ្ចៀនមាសជំរាកផ្តៅទម្ងន់២ជី វាក៏និយាយថា យាយឯងដោះចិញ្ចៀនចេញទៅពេលថតឃើញចិញ្ចៀនគេមិនឱ្យអំណោយទេ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ពេលនោះគាត់ក៏ដោះចិញ្ចៀនដាក់លើគ្រែ ស្រាប់តែជនសង្ស័យក៏ធ្វើសកម្មភាពឆក់យកចិញ្ចៀនរបស់គាត់ រួចរត់ឡើងជិះម៉ូទៅបាត់ ពេលនោះគាត់ក៏បានស្រែកថាចោរៗ ឱ្យគេជួយដែរ ប៉ុន្តែជនសង្ស័យបានជិះមកខាងផ្លូវមាត់ទន្លេដើម្បីគេចខ្លួន។
លុះពេលជនសង្ស័យជិះជិតដល់ច្រកចេញ បានវាក់និងម៉ូតូក្មេងជិះចូលភូមិ ក៏ធ្វើឱ្យជ្រុះកាតាប១ តែជនសង្ស័យមិនបានឈប់រើសនោះទេ ហើយក៏បន្តទៅទៀតបាត់ទៅ។ បន្ទាប់មកគាត់ជាជនរងគ្រោះ ក៏បានយកកាតាបនោះមកប្តឹងនៅប៉ុស្តិ៍នគរបាលឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីពិនិត្យនៅក្នុងកាបូបនោះរួច សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងកាតាបនោះមានអត្តសញ្ញាណប័ណ្ណស៊េរីចាស់១សន្លឹកនិងស៊េរីថ្មី១សន្លឹក មានឈ្មោះនី ហារិទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ ស្រុកកំណើតឃុំឆ្លូង ស្រុកស្នួល ខេត្តក្រចេះ។
លំនៅសព្វថ្ងៃភូមិទីខ១ សង្កាត់ច្រាំង ចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងកាតគ្រីម៉ូតូ១សន្លឹកម៉ាកស៊ុយសាគីស្មាស់វីពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DE-2176 រូបថតតូចៗ វ៉ែនតា១ ស្រោមវ៉ែនតា២ ក្រដាសប្រវត្តិរូប១សន្លឹកនិងក្រដាស់សរសេរមួយចំនួន ថ្នាំលេបមួយចំនួន១ទីប។

ក្រោយពីទទួលបានបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ និងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងតាមស្វែងរកជនសង្ស័យ។
រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំចំរេះទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យឈ្មោះនី ហារិទ្ធី ដែរពាក់ករណីឆបោកខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីធ្វើការកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕