ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ឃើញប្រពន្ធកូនខ្ចីរងាខ្លាំងពេក (អាកាសធាតុត្រជាក់ខ្លាំង) ក៏ដុតភ្លើងដេកឆ្អើរទាំងអស់គ្នា លុះកក់ក្តៅស្រួលពេកក៏ដេកលក់ភ្លេចខ្លួន ស្រាប់តែភ្លើងបានរាលឆេះផ្ទះមួយខ្នងខ្ទេចអស់ទាំងស្រុងបង្កឱ្យមានការភ្ញាក់ផ្អើលឡើងទាំងវេលាទៀបភ្លឺ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះ១ខ្នងដែលត្រូវភ្លើងឆាបឆេះទាំងស្រុងនោះ គឺជាប្រភេទផ្ទះតៀមសង់ពីឈើ ទំហំ៤,៥០ម៉ែត្រគុណនឹង៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះព្រឿយ ជួន ភេទប្រុស អាយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះម៉ន សុផា អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់ទើបនឹងអាយុ៣ខែប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អាកាសធាតុនៅតំបន់ដែលជនរងគ្រោះ២នាក់ប្តីប្រពន្ធរស់នៅបានចុះត្រជាក់ខ្លាំង លុះមកដល់វេលាទៀបភ្លឺថ្ងៃកើតហេតុ ដោយសារតែឃើញប្រពន្ធនិងកូនខ្ចី កំពុងដេករងាខ្លាំងពេក ទើបបុរសជាប្តីបានទៅដុតភ្លើងឱ្យប្រពន្ធកូនដេកឆ្អើរបំបាត់ភាពរងា។

ប្រភពដដែលបន្តថា ក្រោយពេលបង្កាត់ភ្លើងហើយ បុរសជាប្តីក៏បានឡើងដេកនៅក្បែរប្រពន្ធកូននោះដែរ លុះដោយសារតែអាំងភ្លើងកក់ក្តៅពេក ក៏ដេកលង់លក់ទាំងអស់គ្នាទៅ។ ស្រាប់តែពេលដែលប្តីប្រពន្ធខាងលើដេកលង់លក់ភ្លេចខ្លួន ភ្លើងក៏បានឆេះរាលដល់ផ្ទះយ៉ាងសន្ធោសន្ធៅ ទើបបុរសជាប្តីភ្ញាក់ដឹងខ្លួនឃើញភ្លើងកំពុងឆេះផ្ទះ ក៏ស្ទុះនាំប្រពន្ធកូនរត់ចេញមកក្រៅផ្ទះ បានត្រឹមតែរួចជីវិត៣នាក់ប្តីប្រពន្ធនិងកូនប៉ុណ្ណោះ ចំណែករបស់ទ្រព្យអ្វីក៏យកចេញមិនទាន់ឡើយ។

នៅអំឡុងពេលកើតហេតុនោះ ប្តីប្រពន្ធរងគ្រោះនេះបានព្យាយាមស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយដែរ តែអកុសលដោយសារខ្យល់ខ្លាំងពេក ទើបមិនអាចពន្លត់បាន ធ្វើឱ្យផ្ទះទាំងមូលត្រូវក្លាយជាចំណីភ្លើងគ្មានសល់។
ក្រោយកើតហេតុ ប្តីប្រពន្ធជាម្ចាស់ផ្ទះបានត្រឹមឱបបីកូនតូចឈរសម្រក់ទឹកភ្នែកសម្លឹងមើលគំនរផេះផង់ ទាំងអារម្មណ៍សោកស្តាយផ្ទះសំបែងនិងទ្រព្យសម្បត្តិរបស់ខ្លួន ដែលត្រូវភ្លើងឆេះអស់គ្មានសល់។

ដោយឡែក លោកឧកញ៉ាហ៊ុន ជា គ្រាន់តែបានឃើញភ្លាម ក៏មានចិត្តអាណិតអាសូរ ឧបត្ថម្ភដល់ក្រុមគ្រួសាររងគ្រោះនេះ ១លានរៀលផងដែរ៕