Monday, November 24, 2025
Homeព័ត៌មានជាតិលួចបេះផ្លែស្វាយ ម្ចាស់ជិះម៉ូតូដេញចាប់ឲ្យប៉ូលិស

លួចបេះផ្លែស្វាយ ម្ចាស់ជិះម៉ូតូដេញចាប់ឲ្យប៉ូលិស

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវម្ចាស់ចម្ការតាមចាប់ឃាត់ខ្លួនរហូតដល់កន្លែងលក់ស្វាយ រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះជ្រូ គឹមស៊្រី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យមានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមានផ្លែស្វាយចំនួន៣បាវ មានទម្ងន់សរុប១៣៤គីឡូក្រាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូដឹកកូនល្ហុងយកទៅដាំនៅនឹងដីចុងព្រែកវត្តតាលន់ លុះជិះទៅដល់ចំណុចដីស្វាយរបស់ខ្លួន ស្រាប់តែប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបស្វាយចេញចំនួន៣បាវ ពេលនោះជនរងគ្រោះបានហៅជនសង្ស័យឱ្យឈប់ តែត្រូវបានជនសង្ស័យជិះម៉ូតូរត់ ទើបជនរងគ្រោះជិះម៉ូតូមកតាមក្រោយ។ រួចមកដល់ផ្ទះរបស់ខ្លួនក៏ឈប់ម៉ូតូទុកកូនល្ហុងនៅនឹងផ្ទះ រួចជិះម៉ូតូទៅតាមទាន់នៅកន្លែងលក់ស្វាយ។

ប្រភពបន្តថា ពេលនោះជនរងគ្រោះបានឃាត់អ្នកទិញស្វាយកុំឱ្យទិញ ព្រោះជនសង្ស័យបានលួចបេះស្វាយគាត់ ក៏ប្តឹងសមត្ថកិច្ចតាមទូរស័ព្ទឱ្យចុះមកកន្លែងលក់ផ្លែស្វាយ តែជនសង្ស័យគេចខ្លួនបាត់ទៅហើយ។

ប្រភពបន្តទៀតថា លុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ក៏បានកោះហៅ ឈ្មោះយី បារាំង មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលួចបេះស្វាយចំនួន៣បាវមែន តែមិនមែនស្វាយរបស់ជនរងគ្រោះទាំងអស់ទេ គឺដើរបេះសន្សំស្វាយនៅលើដីឈ្មោះតាសំ។

យោងតាមចម្លើយនិងវត្ថុតាង សមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ ក៏បានឃាត់ខ្លួនជនសង្ស័យបញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES