ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដោយអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់របស់ខ្លួនចំនួន៩០ម៉ឺនបាត ស្មើនឹងប្រមាណជាង១០០លានរៀល កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ និងសន្យាសងវិញនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែដល់ថ្ងៃកំណត់ ស្ត្រីជនជាតិចិនជាកូនបំណុលបានគេចខ្លួនបាត់ស្រមោល។

តាមម្ចាស់បំណុលខាងលើបានមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ជាក់ថា គាត់មានឈ្មោះមិន រ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ចំណែកស្ត្រីជនជាតិចិន ដែលជាកូនបំណុលមានឈ្មោះសាំ វួយយៀង អាយុ២៥ឆ្នាំ បានល្បួងសុំខ្ចីលុយ៩០ម៉ឺនបាតប្រាក់ថៃ ប្រហែលជាជាង១០០លានរៀល ហើយបានសន្យាសងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ជនខាងលើ ស្រាប់តែស្ត្រីជនជាតិចិនរូបនេះបានរត់គេចខ្លួនបាត់មិនដឹងជាទៅទីណាទេ។

ប្រភពបន្តថា ដោយស្ត្រីជនជាតិចិនខាងលើ ជាបុគ្គលិកកាស៊ីណូជាមួយគ្នា ម៉្យាងទៀតស្ត្រីរូបនោះ ជាកូនចៅរបស់ប្តីរបស់គាត់ផង ទើបគាត់ទុកចិត្តឱ្យនាងខ្ចីលុយយ៉ាងច្រើនបែបនេះ។

ជាមួយនេះ ស្ត្រីជាម្ចាស់បំណុលខាងលើ បានបញ្ជាក់ថា ប្រសិនបើបងប្អូនណាប្រទះឃើញ ស្ត្រីដូចមានរូបរាងខាងលើ សូមផ្តល់ព័ត៌មានឱ្យសមត្ថកិច្ចផង ព្រោះមានពាក្យបណ្តឹងនៅសមត្ថកិច្ចរួចហើយ ឬក៏ទូរស័ព្ទមកកាន់លេខ ០៨៨ ៣៦ ៩៩ ៨៧២ នោះគាត់ជាម្ចាស់បំណុល នឹងជូនសគុណជាទីគាប់ចិត្ត៕