Monday, November 24, 2025
Homeព័ត៌មានជាតិប្រយ័ត្នចាញ់ល្បិចជនខិលខូច បន្លំជាមន្ត្រីកាំកុងត្រូល ដើរទារលុយ

ប្រយ័ត្នចាញ់ល្បិចជនខិលខូច បន្លំជាមន្ត្រីកាំកុងត្រូល ដើរទារលុយ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបច្ចុប្បន្ននេះមានជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូលដើរទារលុយជាថ្នូរនឹងការមិនចុះពិនិត្យទីតាំងអាជីវកម្មនានា ឬជួយដោះស្រាយបញ្ហាផ្សេងៗ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបាននិងកំពុងអនុវត្តតួនាទីត្រួតពិនិត្យទំនិញនិងសេវាទាំងក្នុងក្របខណ្ឌទទួលខុសត្រូវផ្ទាល់ និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពនៃផលិតផលទំនិញ និងសេវាការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

វិធានការនេះតម្រូវឱ្យមន្ត្រីកាំកុងត្រូលចុះពិនិត្យនៅតាមទីតាំងក្រុមហ៊ុន សហគ្រាស សិប្បកម្ម ពាណិជ្ជកម្ម និងសិប្បកម្មនានា។ ស្របពេលជាមួយគ្នានេះ មានជនខិលខូចមួយចំនួនបានបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដោយអះអាងជាថ្នូរការជួយដោះស្រាយបញ្ហា ឬសម្របសម្រួលលើបាតុភាពណាមួយ ឬជាថ្នូរនឹងការមិនចុះត្រួតពិនិត្យជាដើម។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់ចៀសវាងការចាញ់បោកជនខិលខូច ហើយខាតបង់ថវិកាទាំងឥតប្រយោជន៍។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រាល់ប្រតិបត្តិការការងាររបស់មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺមានសម្លៀកបំពាក់ជាឯកសណ្ឋានការងារ ដោយមានភ្ជាប់ស្លាកឈ្មោះ លេខសម្គាល់ខ្លួន និងមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវច្បាស់លាស់។

ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេស បើមានការសង្ស័យជាយថា ហេតុណាមួយសូមសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយៈអាសយដ្ឋានផ្លូវបេតុងលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទាក់ទងទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦។

ក្រសួងសង្ឃឹមថា ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ នឹងចូលរួមសហការល្អជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីការពារផលប្រយោជន៍ជូនវិស័យឯកជននិងផលប្រយោជន៍ប្រជាពលរដ្ឋ ព្រមទាំងដើម្បីធានាឱ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរ៕

RELATED ARTICLES