ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់បានបង្កអំពើហិង្សាវាយគូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត២ខែ ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតាមដីការបស់សាលាដំបូងខេត្ត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហេង ថន ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកំលាំងអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៥២ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះហេង ថន ពីបទហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចទួលស្បូវ ស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។
ករណីនេះជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕