សៀមរាប ៖ បន្ទាប់ពីមានករណីបាក់ស្រុតអគារសាលាឆាន់នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាសម្រាប់អ្នកស្លាប់ ចំនួន២០លានរៀល និងអ្នករងរបួស ចំនួន៣លានរៀល។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ ហើយក៏បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា ក្រៅពីការតាមដានចាត់ចែងបញ្ជានៅក្នុងប្រតិបត្តិការសង្គ្រោះនេះហើយ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារអ្នកស្លាប់ ចំនួន២០លានរៀល (ស្មើ៥ពាន់ដុល្លារ) ក្នុងសពម្នាក់ និងអ្នករងរបួស ចំនួន៣លានរៀល ក្នុងមួយនាក់។

គួរបញ្ជាក់ថា អគារធម្មសភាឬសាលាឆាន់ នៅវត្តប្រាសាទគោកចក មានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ បានបាក់រលំទាំងស្រុង ខណៈពេលកំពុងចាក់ប្លង់សេ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង១៥នាទីថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩។

ក្រោយពីកើតហេតុការណ៍ដ៏រន្ធត់នេះ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានចាត់ចែងយកគ្រឿងចក្រជាច្រើនគ្រឿងសម្រាប់ធ្វើការសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងគំនរអាគារបាក់រលំនោះ ដោយស្វែងរកឃើញមនុស្សស្លាប់ចំនួន៣នាក់ និងរងរបួស១៦នាក់៕





