ភ្នំពេញ៖ លោកឈឹម ឃិនដារ៉េត អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍គួរឲ្យកត់សំគាល់ ធ្លាក់ពី២ភាគរយនៅឆ្នាំ២០០៨ មកនៅត្រឹម០.៦ភាគរយនៅឆ្នាំ២០១៩នេះ ពោលគឺបច្ចុប្បន្នមានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ៧៣០០០នាក់ ក្នុងនោះមានអ្នកផ្ទុកប្រមាណ៦០០០០នាក់ បានទទួលការព្យាបាលឱសថប្រឆាំងមេរោគអេដស៍។
ថ្លែងនៅក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកបានអះអាងថា បើទោះបីជាកម្ពុជា បានកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកជំងឺអេដស៍យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នជំងឺនេះក៏កំពុងតែយាយីទៅលើក្រុមប្រឈមមួយចំនួនគួរឲ្យព្រួយបារម្ភផងដែរដែលក្រុមទាំងនោះរួមមាន ក្រុមបុរសស្រលាញ់បុរស ក្រុមក្លែងភេទ ក្រុមស្ត្រីបម្រើសេវាកំម្សាន្តសប្បាយ ក្រុមប្រើប្រាស់គ្រឿងញៀន ក្រុមយុវវ័យនិងក្រុមចំណាកស្រុកជាដើម។

លោកឈឹម ឃិនដារ៉េត បញ្ជក់ថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺអេដស៍ឲ្យបានកាន់តែធ្លាក់ចុះបន្ថែមទៀតនោះ លោកបានណែនាំដល់យុវជនកុំប្រញាប់ក្នុងការប្រឡូករួមភេទ ត្រូវយកពេលវេលាដ៏មានតម្លៃទៅខិតខំការសិក្សាដើម្បីកសាងអនាគតឲ្យបានភ្លឺស្វាង។ ត្រូវសិក្សាស្វែងយល់និងចំណេះដឹងទាក់ទិននឹងសុខភាពបន្តពូជដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍និងជំងឺផ្សេងៗទៀត តាមរយៈការរួមភេទ។ ជាងនេះទៅទៀត យុវជនកុំប្រញាប់ទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យយើងភ្លើតភ្លើន និងមានការធ្វេសប្រហែសដែលអាចប្រឈមនឹងការឆ្លងមេរោគអេដស៍។

លោកបានបញ្ជាក់ទៀតថា លើសពីនេះទៅទៀត យុវជនមិនត្រូវប្រើប្រាស់គ្រឿងញៀននោះទេ ព្រោះថាគ្រឿងញៀនមិនត្រឹមប្រឈមនឹងផ្លូវច្បាប់ ប៉ះពាល់ដល់សង្គមនិងគ្រួសារ ព្រមទាំងអនាគតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការឆ្លងមេរោគអេដស៍ផងដែរ តាមរយៈការប្រើប្រាស់សារាំងរួមគ្នា។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឲ្យដឹងថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក កាមរោគ និងអង្គការដៃគូនានាបានធ្វើការផ្សព្វផ្សាយ និងរៀបចំកម្មវិធីផ្សេងៗដើម្បីបញ្ជ្រាបចំណេះដឹងទាក់ទិននឹងជំងឺអេដស៍នេះដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍បានយល់ដឹង និងចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍នៅតាមសហគមន៍។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ជាក់ស្តែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ (០១ធ្នូ) អង្គការបានរៀបចំកម្មវិធីជាច្រើន ដូចជាសន្និសីទសារព័ត៌មាន ការប្រគំតន្ត្រីដោយកំពូលតារាចម្រៀងល្បីៗ ការដង្ហែក្បួនឃោសនាការប្តេជ្ញាប្រយុទ្ធនឹងជំងឺអេដស៍ ការធ្វើតេស្តឈាមរកមេរោគអេដស៍និងការចែកស្រោមអនាម័យដោយឥតគិតថ្លៃជាដើម ដើម្បីទាក់ទាញឲ្យសាធារណជនបន្តការយកចិត្តទុកដាក់ពីបញ្ហាអេដស៍ ។

លោកស្រីបានឲ្យដឹងទៀតថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងធ្វើការអំពាវនាវសាជាថ្មីទៅថ្នាក់ដឹកនាំទូទាំងពិភពលោកដើម្បីបន្ត “រក្សាសន្យា” ដល់មនុស្សដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍និងជំងឺអេដស៍ ជាមួយការក្រើនរំលឹកដល់ពិភពលោកទាំងមូលថា ការប្រយុទ្ធនឹងជំងឺអេដស៍និងមេរោគអេដស៍នៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើក្នុងការប្រយុទ្ធនឹងជំងឺអេដស៍និងមេរោគអេដស៍នេះ ។

យោងតាមស្ថិតិចុងក្រោយរបស់អង្គការ UNAIDS មានមនុស្សចំនួន៣៧.៩លាននាក់នៅជុំវិញពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍ ហើយសម្រាប់ឆ្នាំ២០១៨ មានមនុស្សប្រមាណ១.៧លាននាក់បានឆ្លងមេរោគអេដស៍ថ្មី និង៧៧ម៉ឺននាក់ បានស្លាប់ដោយសារជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺអេដស៍៕




