Monday, November 24, 2025
Homeព័ត៌មានជាតិសង្ឃសុំស្នាក់នៅក្នុងវត្តរៀនធម៌ បែកគំនិតលួចទូរស័ព្ទនេន ជាប់ខ្នោះ

សង្ឃសុំស្នាក់នៅក្នុងវត្តរៀនធម៌ បែកគំនិតលួចទូរស័ព្ទនេន ជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ សង្ឃមួយអង្គត្រូវបានព្រះចៅអធិការវត្តសម្រេចចាប់ផ្សឹកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ភ្លាមៗ បន្ទាប់ពីសង្ឃអង្គនោះបានបង្ករឿងអុកឡុកក្នុងវត្ត និងថែមទាំងបានលួចទូរស័ព្ទរបស់នេនមួយអង្គគង់នៅវត្តជាមួយគ្នាទៀតផង។

ករណីចាប់ផ្សឹកសង្ឃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

សង្ឃដែលត្រូវបានចាប់ផ្សឹក មានឈ្មោះឈើយ ពិសិដ្ឋ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានលំនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មកស្នាក់នៅរៀនធម៌នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ចំណែកព្រះសង្ឃរងគ្រោះ ព្រះនាមសុវណ្ណ បញ្ញា មានជន្មាយុ១៥ព្រះវស្សា គង់នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី។

លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ដំបូងឡើយព្រះសង្ឃ និងគណៈកម្មាធិការវត្ត ព្រមទាំងប្រធានមន្ទីរធម្មការសាសនាខេត្ត បានស្នើសុំឱ្យមានការអន្តរាគមន៍លើព្រះសង្ឃមួយអង្គដែលបានបង្កការអុកឡុកក្នុងវត្ត ដោយសង្ស័យប្រើប្រាស់គ្រឿងញៀន លុះនៅពេលសមត្ថកិច្ចជំនាញចុះទៅសាកសួរ ក៏មានព្រះសង្ឃមួយផ្សេងទៀតរាយការណ៍ថា បាត់ទូរស័ព្ទ ពេលនោះកម្លាំងសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវ ស្រាប់តែទូរស័ព្ទដែលបាត់នៅលើខ្លួនជនសង្ស័យតែម្តង។

លោកអធិការបានបន្តថា សមត្ថកិច្ចយើងបានសុំគោលការណ៍ថ្នាក់លើធ្វើការផ្សឹកព្រះសង្ឃជាជនសង្ស័យនោះ ដើម្បីដំណើរការតាមនីតិវិធីច្បាប់។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញក្រុងប៉ៃលិន ក៏សួរនាំនិងធ្វើតេស្តរកសារធាតុញៀនជាលទ្ធផល មានផ្ទុកសារធាតុញៀនក្នុងខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាំខ្លួនមកកាន់អធិការដ្ឋានដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទ ត្រូវបានប្រគេននេនដែលជាម្ចាស់ដើមវិញផងដែរ៕

RELATED ARTICLES