Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន អរគុណព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង ដែលបានចូលរួមថែរក្សាសិល្បៈនេះឲ្យនៅគង់វង្ស

សម្តេចហ៊ុន សែន អរគុណព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង ដែលបានចូលរួមថែរក្សាសិល្បៈនេះឲ្យនៅគង់វង្ស

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមអភិរក្សនិងថែរក្សាសិល្បៈចាបុីដងវែងឲ្យនៅគង់វង្ស នៅក្នុងឱកាសខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “អបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ”។

សម្តេចបានបន្តថា “ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី”។

សម្តេចបន្តទៀតថា “ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម”។

សម្តេចបានបន្ថែមថា “អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត”៕

RELATED ARTICLES