Monday, November 24, 2025
Homeព័ត៌មានជាតិប្រើល្បិចបោកចិនជាង៣មុឺនដុល្លារ រត់បាន២ខែប៉ុណ្ណោះ

ប្រើល្បិចបោកចិនជាង៣មុឺនដុល្លារ រត់បាន២ខែប៉ុណ្ណោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានខ្ចីរថយន្តរបស់បុរសជនជាតិចិនម្នាក់យកទៅបញ្ចាំ រួចព្យាយាមរត់គេចខ្លួនអស់រយៈពេល២ខែ ទីបំផុតក៏ត្រូវម្ចាស់រថយន្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមប្រមាញ់ចាប់ខ្លួនបាន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខខុនដូស៊ីងហួយឈឹង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលយករថយន្តរបស់គេទៅបញ្ចាំ និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះចាន់ មីខាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២១ ផ្លូវបេតុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ។

ចំណែករថយន្តដែលជនសង្ស័យយកទៅបញ្ចាំ ម៉ាកឡិចស៊ីស RX330 ពណ៌ស ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2AB-8417 តម្លៃជាង៣មុឺនដុល្លារ ជាកម្មសិទ្ធិរបស់ឈ្មោះ HUANG GUOJIAN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន មុខរបរប្រធានក្រុមហ៊ុនចុងធៀនយន់ហ័រគៀងឆៃ ស្នាក់នៅខុនដូស៊ីងហួយឈឹង ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះចាន់ មីខាង បានប្រើល្បិចខ្ចីរថយន្តខាងលើពីជនរងគ្រោះឈ្មោះ HUANG GUOJIAN នៅចំណុចក្នុងបរិវេណខុនដូស៊ីងហួយឈឹង ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

របាយការណ៍ដដែលបន្តថា លុះបានរថយន្តដល់ដៃហើយ ជនសង្ស័យក៏បានយករថយន្តនោះទៅដាក់បញ្ចាំរួចព្យាយាមគេចមុខពីម្ចាស់រថយន្តអស់រយៈពេលជាង២ខែ ទីបំផុតក៏ត្រូវម្ចាស់រថយន្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES