ស្ត្រីជាឌីជេម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៥០នាទី នៅចំណុចផ្ទះជួលលេខ១៧E1 ផ្លូវ២៩០ ក្រុមទី៤៤ ភូមិ១០ សង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ផាំង ញើសុី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរឌីជេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌបឹងកេងកង សហការជាមួយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ រួចនាំទៅឆែកឆេរដល់ផ្ទដែលនាងស្នាក់នៅ។

សមត្ថកិច្ចបន្តថា នៅក្នុងប្រតិបត្តិការឆែកឆេរនេះ កម្លាំងសមត្ថកិច្ចបានឆែកឆេរ រកឃើញថ្នាំគ្រាប់ពណ៌លឿងស្លេក (ថ្នាំក្រវីចំនួន៤២គ្រាប់) , ថ្នាំគ្រាប់បន្ទះពណ៌ក្រហមចំនួន០៩បន្ទះ ស្មើនឹង៩០គ្រាប់ , ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច , ដបកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន០១ដប និងដែកកេសចំនួន២ដើម។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕



