ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ទើបចេញពីហាងខារ៉ាអូខេមួយកន្លែង ហៅម៉ូតូកង់បីជិះបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏ត្រូវជនសង្ស័យ១ក្រុមបិទមុខជិត ជិះរថយន្តមួយគ្រឿងមកស្ទាក់ឱ្យឈប់ រចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់ប្លន់យកកាបូបលុយរបស់បុរសជនជាតិកូរ៉េ រួចនាំគ្នាឡើងឡានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីភ្ជង់ប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ចំណុចមុខផ្ទះរដ្ឋមន្ត្រីជា សុផារ៉ា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

តាមប្រភពពីម្ចាស់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា ជនរងគ្រោះជាជនជាតិកូរ៉េ តែមិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ចំណែកគាត់ជាម្ចាស់កង់បី មានឈ្មោះហឿន ណុប អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ។

បុរសជាអ្នករត់ម៉ូតូកង់បីខាងលើ បានបន្តថា នៅមុនពេលកើតហេតុ បុរសជាជនជាតិកូរ៉េជាជនរងគ្រោះខាងលើទើបនឹងចេញពីខារ៉ាអូខេនៅម្តុំផ្សារអូឡាំពិក រួចក៏ហៅម៉ូតូកង់បីគាត់ ពណ៌ស ពាក់ស្លាកលេខតាកែវ 1P-8671 គោលបំណងជិះត្រឡប់មកផ្ទះនៅបុរីប៉េងហួត ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

លុះពេលគាត់បើកដឹកជនជាតិកូរ៉េ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ១ក្រុមមានគ្នា៣នាក់ជិះរថយន្តមួយគ្រឿងម៉ាស្តារិច ពណ៌ខ្មៅ ស្លាកលេខយកក្រណាត់បាំងជិតជិះមកកាក់ពីមុខ រួចជនសង្ស័យ២នាក់បានចុះពីរថយន្ត ដោយម្នាក់ៗបិតមុខជិតឃើញតែប្រឡោះភ្នែក ហើយក្នុងដៃកាន់កាំបិតចុងស្រួចម្នាក់មួយមកភ្ជង់យកកាបូបលុយពីជនរងគ្រោះ រួចក៏នាំគ្នាឡើងជិះរថយន្តគេចខ្លួនដោយសុវត្ថិភាព។

ប្រភពបន្តទៀតថា ក្នុងកាបូបលុយរបស់ជនជាតិកូរ៉េនោះ មិនដឹងថាមានលុយប៉ុន្មាននោះទេ ហើយក្រោយពីជនសង្ស័យបើករថយន្តគេចបាត់ រូបគាត់ជាម្ចាស់កង់បីបានដឹកជនរងគ្រោះជាភ្ញៀវរហូតដល់ផ្ទះរបស់គាត់ក្នុងបុរីប៉េងហួត រួចហើយកត្រឡប់មកវិញមកដល់ចំណុចកើតហេតុ ក៏បានជួបក្រុមអ្នកសារព័ត៏មានជាច្រើននាក់បានសាកសួរ។

ក្រោយមកក៏បានឃើញសមត្ថកិច្ច៣នាក់បានមកដល់ចំណុចកើតហេតុនិងបានឱ្យគាត់ជូនទៅចង្អុលផ្ទះជនរងគ្រោះ រង់ចាំព្រឹកឡើងហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីកំណត់មុខសញ្ញាជ្រាវស្រាវនិងអនុវត្តតាមនីតិវិធី៕