តារាចម្រៀងលេងក្បាច់រាំ កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានបង្ហូរទឹកនេត្រានៅពេលដែលលោកយាយជាទីស្រលាញ់របស់នាងទទួលមរណភាព ដោយនាងមិនអាចទៅទាន់ដង្ហើមចុងក្រោយជីដូនឡើយ។

គ្រងឈុតសពាក់បូកាន់ទុក្ខ កញ្ញារ៉ាប៊ី ថា នាងត្រូវលុបចោលការច្រៀងសម្តែងនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ព្រោះមិនអាចទៅច្រៀងសម្តែងទាំងកំពុងកាន់ទុក្ខសោកបែបនេះឡើយ ហេតុនេះហើយនាងសង្ឃឹមថា ម្ចាស់កម្មវិធីនឹងមានការយោគយល់ដល់រូបនាងជាមិនខាន ដែលកំពុងតែមានទុក្ខធំនេះ។

គួរបញ្ជាក់ថា ផាន វីរ៉ាទី មានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែក្រុមគ្រួសារនាងបានផ្លាស់លំនៅឋានទៅខេត្តកំពត វិញ ខណៈដែលនាងរស់នៅភ្នំពេញ ជាមួយម្តាយ។ នៅពេលដែលលោកយាយរបស់នាងធ្វើទុក្ខខ្លាំង រ៉ាប៊ី នៅតែច្រៀងសម្តែង ព្រោះកម្មវិធីមួយចំនួនត្រូវបានគេកក់អស់ទៅហើយ តែអ្វីដែលធ្វើឱ្យតារាថោន សោកស្តាយនោះគឺនៅពេលដែលដឹងថា លោកយាយឈឺធ្ងន់ ហើយនាងធ្វើដំណើរពីភ្នំពេញទៅខេត្តកំពត មិនទាន់ដង្ហើមចុងក្រោយរបស់ជីដូនឡើយ។

តាមក្រុមរាំរបស់រ៉ាប៊ី បង្ហើបឱ្យដឹងថា ម្ចាស់បទ “ម៉ែជេរ” នឹងកាន់ទុក្ខជីដូនរយៈពេលខ្លី ប៉ុន្តែនាងអាចនឹងឡើងឆាករាំច្រៀងវិញ ក្រោយពេលធ្វើបុណ្យឱ្យលោកយាយរបស់នាងគម្រប់៧ថ្ងៃរួច។

អ្នករាំរូបនោះអះអាងថា រ៉ាប៊ី មានគេកក់ច្រៀងកម្មវិធីច្រើន ដែលនាងត្រូវចេញច្រៀងសម្តែងជាប់ៗគ្នា ហេតុនេះហើយប្រហែលជាមិនអាចកាន់ទុក្ខជីដូនដល់គ្រប់១០០ថ្ងៃបាននោះទេ។
ផាន វីរ៉ាទី ហៅរ៉ា ទើបចាប់អាជីពចម្រៀងជាង២ឆ្នាំប៉ុណ្ណោះ ក្រោយដើរចេញជាពិធីការិនីហង្សមាស ចូលផលិតកម្មថោន ហើយត្រឹមរយៈពេលខ្លីនេះ រ៉ាប៊ី កាក់កបប្រមូលបានលុយច្រើនដែលតារាយុវវ័យផ្សេងៗទៀតពិបាកតាមនាងទាន់។

រ៉ាប៊ី ទិញបានផ្ទះ២ល្វែងនិងវីឡា១ ហើយនាងទិញរថយន្តដល់ទៅ៣គ្រឿងផងដែរគឺ Lexus Nt200t, Starex និង Lexus Rx300។ ការមានទ្រព្យយ៉ាងលឿនបែបនេះធ្វើឱ្យមានការសង្ស័យថា រ៉ាប៊ី មាន ប្រុសស្នេហ៍ឧបត្ថម្ភក្រោយខ្នង ប៉ុន្តែស្រីស្អាតថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ៕