Thursday, July 17, 2025
Homeតារាខ្មែរពេជ្រ សូលីកា ចង់ឈ្នះអតីតសង្សារគូដណ្តឹង

ពេជ្រ សូលីកា ចង់ឈ្នះអតីតសង្សារគូដណ្តឹង

ដើម្បីលាងភាពអាម៉ាស់ ព្រោះត្រូវគេចោទដណ្តើមប្រុសស្នេហ៍ពីមិត្តភក្តិនោះ ពេជ្រ សូលីកា បានប្តឹងថៃ នារីសុជាតា អតីតសង្សាររបស់គូដណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយសុជាតា ត្រូវចូលបំភ្លឺនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

តើសូលីកា នៅតែមានអំណាចធ្វើឱ្យអតីតសង្សារគូដណ្តឹងភ័យដេកមិនលក់ ឬមួយក៏ពេលនេះ អំណាចនាងចុះខ្សោយទៅហើយ ក្រោយផ្តាច់ស្នេហ៍មន្ត្រីធំ?

កាលពីឆ្នាំមុន ពេជ្រ សូលីកា ឡើងច្រៀងមានកងអង្គរក្សរបស់អតីតគូស្នេហ៍យាមកាមជុំវិញឆាក រហូតដល់បន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយពេលនាងទៅណាមកណាមានអំណាចខ្លាំងណាស់រហូត អតីតពិធីការិនីទូរទស្សន៍ CNC កញ្ញាដួង ជានិច្ច និយាយថា ពេលចូលក្លឹបជួបសូលីកា នាងស្ទើរតែត្រូវតារាចម្រៀងរូបនេះយកដបស្រាវាយក្បាលនាងទៅហើយ នៅពេលដែលមានរឿងតិចតួច។

ដោយឡែក ក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ដែលគេស្គាល់ថា ជាលោកផ្កាយ២ម្នាក់នោះ សូលីកា ជិះរថយន្តឬឡើងច្រៀងគ្មានកងអង្គរក្សតាមហែហមការពារដូចមុនទៀតឡើយ ទើបធ្វើឱ្យអ្នករួមអាជីពជាមួយនាងបានខ្សឹបខ្សៀវគ្នាថា អំណាចតារាចម្រៀងហង្សមាស រូបនេះ បានចុះខ្សោយឥទ្ធិពលជាងមុនហើយ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា ក្នុងជម្លោះដ៏ចម្រូងចម្រាសជាមួយអតីតមិត្តភក្តិ អ្នកនាងថៃ នារីសុជាតា រឿងសូលីកា ភ្ជាប់ពាក្យជាមួយលោកគឹម ហ៊ាន ដែលជាសង្សារចាស់របស់នារីសុជាតា នោះ សូលីកា ក៏មិននៅស្ងៀមដែរ ក្រោយពេលដែលនាងឃើញនារីសុជាតា រួមជាមួយបេននីយ៉ាំងLive វីដេអូព្រួតគ្នានិយាយដៀមដាមដាក់នាងរឿងភ្ជាប់ពាក្យជាមួយប្រុសខ្មែរ នៅអូស្ត្រាលី នោះ។

រហូតធ្វើឱ្យសូលីកា ដាក់ពាក្យបណ្តឹងទៅថៃ នារីសុជាតា និងបេននី យ៉ាំង (លី សុគន្ធារី) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ តែម្តង ខណៈដែលក្រសួងមហាផ្ទៃ បានអញ្ជើញថៃ នារីសុជាតា និងបេននី យ៉ាំង ឱ្យចូលខ្លួនទៅបំភ្លឺកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ប៉ុន្តែទាំងពេជ្រ សូលីកា និងថៃ នារីសុជាតា មិនអាចទាក់ទងបំភ្លឺរឿងនេះបានឡើយ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលមន្ត្រីក្រសួងមហាផ្ទៃ ដែលកាន់សំណុំរឿងនេះមិនព្រមធ្វើអត្ថាធិប្បាយទេ។

វរសេនីយ៍ឯក អាយ វឌ្ឍនា បានអះអាងយ៉ាងខ្លីថា រឿងនេះមិនអាចនិយាយបានទេ បើគ្មានការអនុញ្ញាតពីមេជាមុនសិននោះ។

ចំណែកពេជ្រ សូលីកា បានឱ្យបុរសម្នាក់លើកទូរស័ព្ទ ហើយប្រុសនោះថានាងចេញទៅក្រៅបាត់ទៅហើយ។

យ៉ាងណា ពេលនេះ ពេជ្រ សូលីកា និងថៃ នារីសុជាតា ដែលពួកគេធ្លាប់រាប់អានគ្នាជាង១០ឆ្នាំនោះ មិនអាចមើលមុខគ្នាចំបានទៀតទេ ខណៈដែលមនុស្សមួយចំនួនលើកឡើងថា ស្រីស្អាតទាំងពីរឈ្លោះគ្នាព្រោះដណ្តើមប្រុសស្អាត។

ប៉ុន្តែសូលីកា បានប្រាប់ទៅអ្នកកាសែតថា នាងឆ្ងល់ថា បើគូដណ្តឹងនាងបែកគ្នាជាមួយសុជាតា ទៅហើយ ហេតុអីបានជាគេនៅតែថានាងដណ្តើមសង្សារគេទៀត?

ថៃ នារីសុជាតា មិនបានឆ្លើយតបទៅសូលីកា វិញឡើយ ប៉ុន្តែមុននេះនាងបានប្រាប់អ្នកកាសែតថា នាងពិបាកទប់អារម្មណ៍នៅពេលដែលសូលីកា ធ្លាប់រាប់អានគ្នាជាមួយនាង១៤ឆ្នាំ ហើយដឹងរឿងនាងជាមួយគឹម ហ៊ាន ទាំងអស់ ប៉ុន្តែទីបំផុតបែរជាទៅភ្ជាប់ពាក្យជាមួយបុរសដែលធ្លាប់ជាសង្សារនាងទៅវិញ?

ក្រោយក្លាយទៅជាគូដណ្តឹងរបស់ប្រុសខ្មែរ-អូស្ត្រាលី នោះ ពេជ្រ សូលីកា ពេលនេះគឺជាគូបដិបក្ខជាមួយថៃ នារីសុជាតា ប៉ុន្តែសូលីកា ហាក់ស្រាលខ្លួនរឿងដែលគេថានាងជាស្រីស្នេហ៍របស់លោកផ្កាយ២ ឬមានទំនាក់ទំនងស្នេហាជាមួយនីកូ នោះ។

យ៉ាងណា សូលីកា នៅមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់ទេ ស្របពេលដែលតារាស្និទ្ធនាងបានបង្ហើបឱ្យដឹងថា តារាចម្រៀងហង្សមាសរូបនេះអាចនឹងពន្លឿនការចូលរោងការឱ្យបានកាន់តែឆាប់កាន់តែល្អ ដើម្បីចៀសវាងចំណងស្នេហាប្រែប្រួល ហើយតារាបាត់មុខជាង៥ឆ្នាំ ទើបវិលមកស្តារមុខវិញនេះអាចនឹងចេញទៅរស់នៅអូស្ត្រាលី តាមស្វាមីភ្លាមៗក្រោយរៀបការរួច៕

RELATED ARTICLES