ខណៈដែលប្រជាពលរដ្ឋគ្រប់គ្នារីករាយជុំគ្រួសារថ្ងៃចយងសប្តាហ៍ ស្រាប់តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងស្ថានភាពលំបាកកដោយសារតែម្តាយក្មេករបស់សម្តេច (ម្តាយបង្កើតរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) មានជំងឺធ្ងន់ដែលត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ហើយសម្តេចបានមានប្រសាសន៍ថា ស្ថានភាពជំងឺរបស់ម្តាយក្មេកសម្តេច ពិបាកនឹងសង្រ្គោះ។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ”។

សម្តេចបានបន្តថា “ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ”។

សម្តេចបានបន្តទៀតថា “ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩”។

សម្តេចបានបន្ថែមថា “សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយានិងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់”៕