ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី២នាក់បងប្អូនបាននាំគ្នាចុះទៅដកព្រលិតលក់គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត គ្រាដែលឪពុកម្តាយបាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកថៃអស់ ស្រាប់តែអកុសលក៏បានលង់ទឹកស្លាប់ទាំង២នាក់បងប្អូនយ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកមាឡៃ។
ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះហាន ហៃ ភេទស្រី អាយុ១១ឆ្នាំ។ និងទី២-ឈ្មោះហាន នុយ ភេទស្រី អាយុ៦ឆ្នាំ។ ក្មេងស្រីទាំង២នាក់បងប្អូន មានលំនៅក្នុងភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនសព្វថ្ងៃរស់នៅ ប្រកបរបរដកព្រលិតលក់គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត ខណៈដែលឪពុកម្តាយរបស់ពួកគេបាននាំគ្នាចេញទៅធ្វើការនៅប្រទេសថៃអស់ទៅហើយ។
លុះមកដល់ថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់បាននាំគ្នាចុះទៅដកព្រលិតដូចសព្វដង ស្រាប់តែអកុលសមិនដឹងជាយ៉ាងម៉េច បែរជាលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង និងត្រូវបានអ្នកភូមិប្រទះឃើញផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យសព បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុចុះទឹកដកព្រលិតលក់។
សាកសពក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕