Monday, November 24, 2025
Homeព័ត៌មានជាតិរកនឹកឃើញរហូត... រពឹសដៃលួចអំពូលភ្លើងហ្វាបំភ្លឺសួនច្បារ ជាប់ខ្នោះ

រកនឹកឃើញរហូត… រពឹសដៃលួចអំពូលភ្លើងហ្វាបំភ្លឺសួនច្បារ ជាប់ខ្នោះ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចអំពូលភ្លើងហ្វាបំភ្លឺសួនសាធារណៈ ពេលសួរនាំទើបដឹងថា ជននេះធ្លាប់ជាប់គុក៥ឆ្នាំម្តងហើយ ករណីបង្ករបួសស្នាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យខាងលើ មានឈ្មោះឡុង សេនាលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកអំពូលភ្លើងហ្វា ម៉ាក IP66-200w ពណ៌ខ្មៅ ទំហំ២៥សង់ទីម៉ែត្រគុណនឹង ៣៥សង់ទីម៉ែត្រ មួយគ្រាប់។ កូនសោដោះលេខ១២ ម៉ាក THC មួយដើម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការល្បាតក្នុងភូមិសាស្ត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចសួនច្បារមុខក្រសួងការពារជាតិ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ប្រទះឃើញជនសង្ស័យកំពុងកាន់អំពូលភ្លើងហ្វាបំភ្លឺសួនច្បារសាធារណៈនៅនឹងដៃដើរឆ្លងផ្លូវ ភ្លាមនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា អំពូលភ្លើងហ្វានោះ ខ្លួនបានលួចដោះពីលើសួនច្បារសាធារណៈមុខក្រសួងការពារជាតិ។

តាមការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារមណ្ឌលកែប្រែព្រៃសមួយលើក រយៈពេល៥ឆ្នាំ កាលពីឆ្នាំ១៩៩១-១៩៩៥ ពីបទបង្ករបួសស្នាម។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES