ភ្នំពេញ ៖ បុរសជាអ្នករត់តាក់ស៊ីចំនួន៣នាក់បានរួមគំនិតគ្នាវាយប្លន់ភ្ញៀវជាជនជាតិចិនម្នាក់ ដែលទើបនឹងចុះពីយន្តហោះបានលុយប្រមាណជាង៦ពាន់ដុល្លារ រួចក៏នាំគ្នារត់គេចខ្លួនបាត់អស់ លុះជនរងគ្រោះចំណាំភិនភាគដាក់ពាក្យបណ្តឹង ៣ម៉ោងក្រោយមកក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែល២នាក់ទៀតបាននាំគ្នារត់គេចបាត់ស្រមោលអស់។
ករណីអ្នករត់តាក់ស៊ីវ៉ៃប្លន់ភ្ញៀវខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
រហូតមកដល់វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចក៏ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យម្នាក់បាន នៅចំណុចក្បែរនឹងហាងខារ៉ាអូខេញូវស្តារ តាមផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅម្តុំផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ចំណែកជនរងគ្រោះមានឈ្មោះ Wang Jia Gi ជាជនជាតិចិន ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពពីបុរសម្នាក់ត្រូវជាមិត្តភក្កិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុជនរងគ្រោះទើបនឹងចុះពីយន្តហោះ រួចក៏បានចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរកតាក់ស៊ីជិះត្រឡប់ទៅកន្លែងស្នាក់នៅឯខណ្ឌដូនពេញវិញ។
ប្រភពបន្តថា ភ្លាមនោះជនរងគ្រោះចេញមកដល់ខាងក្រៅ ស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-3510 បើកបរដោយជនសង្ស័យម្នាក់ឈប់ចាំនៅ ខាងក្រៅ ហើយជនរងគ្រោះក៏ហៅជនសង្ស័យឱ្យដឹកមកកន្លែងស្នាក់នៅ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានឈប់រថយន្ត ហើយជនរងគ្រោះមានកាសង្ស័យបំរុងចេញពីរថយន្ត តែចេញមិនទាន់ ព្រោះជនសង្ស័យបានរៀបគំរោងទុកមុន ដោយខលហៅបក្ខពួក២នាក់ទៀតមកចាំមុន រួចបានធ្វើសកម្មភាពវាយប្លន់យកលុយពីជនរងគ្រោះអស់ជាង៦ពាន់ដុល្លារ ហើយនាំគ្នារត់គេខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្រាប់មិត្តភក្តិថា មានជនសង្ស័យវាយប្លន់យកលុយរបស់គាត់ ហើយជនរងគ្រោះបានប្រាប់ពីភិនភាគ និងមុខសញ្ញាជនសង្ស័យ ទើបបុរសជាមិត្តភក្តិបានទំនាក់ទំនងប្តឹងរាយការណ៍ទៅសមត្ថកិច្ចខណ្ឌសែនសុខ ដើម្បីឱ្យជួយអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីទទួលបានបណ្តឹងនិងភិនភាគមុខសញ្ញាណភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចេញធ្វើការស្រាវជ្រាវជាបន្ទាន់ដោយប្រើរយៈពេល៣ម៉ោង ក៏ឈានដល់ការតាមប្រមាញ់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ (ក្នុងចំណោមបក្ខពួក៣នាក់) និងរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាពនៅចំណុច២៧១ ក្នុងសង្កាត់ទឹកថ្លា ក្បែរនិងខារ៉ាអូខេញូវស្តារ រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។

ចំណែកបក្ខពួកចំនួន២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចំណាត់ការ៕