ខេត្តស្វាយរៀង ៖ ជនសង្ស័យជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោសចូលគាស់ទូដែកក្នុងបន្ទប់ស្នាក់នៅបុរីសមសួន ក្នុងហាងកាត់សក់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ក្នុងអំពើចោរកម្មនេះ
ទី១. មានឈ្មោះឈិន ឈានជីន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរលក់បាយ មានលំនៅខេត្តភូជាន ប្រទេសចិន
ទី២. ឈ្មោះឈិន ធីង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរលក់បាយ មានលំនៅខេត្ត ភូជាន ប្រទេសចិន ស្នាក់នៅបណ្តោះអាសន្ន ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះជាជនជាតិចិន មានឈ្មោះ ចាង ហាយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកាត់សក់ មានលំនៅខេត្តភូជាន ប្រទេសចិន បានបាត់បង់ប្រាក់ចំនួន២២០០០ដុល្លារ (ពីរម៉ឺនពីរពាន់ដុល្លារ)។

ប្រភពដដែលឱ្យដឹងទៀតថា ដោយមានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការរងទទួលផែនអន្តោប្រវេសន៍ ដោយមានការបញ្ជាពីលោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីបានធ្វើសកម្មភាពកាត់ទូដែកក្នុងបន្ទប់ស្នាក់នៅបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង របស់ជនរងគ្រោះលួចយកប្រាក់អស់ចំនួន២២០០០ដុល្លារ (ពីរម៉ឺនពីរពាន់ដុល្លារ)។
បន្ទាប់ពីចាប់ឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមច្បាប់៕