Monday, November 24, 2025
Homeព័ត៌មានជាតិរដូវភ្ជុំ កូនគេធ្វើបុណ្យឲ្យម្តាយ ចំណែកកូនរូបនេះ...

រដូវភ្ជុំ កូនគេធ្វើបុណ្យឲ្យម្តាយ ចំណែកកូនរូបនេះ…

ខេត្តកំពង់ធំ ៖ កូនប្រុសអកតញ្ញូម្នាក់ទើបនឹងលែងប្រពន្ធថ្មីៗក៏ទៅរំអុកម្តាយឱ្យស្តីដណ្តឹងប្រពន្ធថ្មីឱ្យរូបគេ លុះម្តាយមិនព្រមក៏ស្រាប់តែមួម៉ៅក្តៅចិត្តស្ទុះទៅទាញកៅអីជ័រវាយសំពងម្តាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។

កូនប្រុសឈាមខ្មៅដែលលើកដៃវ៉ៃម្តាយដោយគ្មានខ្លាចបុណ្យបាប មានឈ្មោះងន ងឿន អាយុ២៧ឆ្នាំ ជាពលករចំណាកស្រុកទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះម៉ន ម៉េង អាយុ ៥២ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាម្តាយបានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់បានចេញទៅរកស៊ីនៅប្រទេសថៃ ជាយូរមកហើយ តែមិនដែលបានផ្ញើលុយកាក់ឱ្យប្រពន្ធកូននោះទេ មិនដឹងជាយកទៅធ្វើអីអស់។

លុះក្រោយមកពេលត្រឡប់មកពីស្រុកថៃវិញ ក៏បានទាមទារលែងលះជាមួយប្រពន្ធ។ បន្ទាប់ពីលែងលះប្រពន្ធបាន៣ថ្ងៃ នៅថ្ងៃកើតហេតុ គេក៏បាននិយាយជាមួយគាត់ជាម្តាយថា ឱ្យដណ្តឹងប្រពន្ធឱ្យគេ តែគាត់ជាម្តាយបានតបវិញថា អ្នកណាគេយកឯង បើទើបតែលែងប្រពន្ធចឹងនោះ។

ស្រាប់តែភ្លាមនោះ កូនប្រុសចិត្តកំណាចរបស់គាត់បានផ្ទុះកំហឹងស្ទុះទៅទាញកៅអីជ័រមកវាយ គាត់ជាម្តាយទាំងកំរោលបណ្តាលឱ្យរងរបួសចំដៃនិងជើង ទើបគាត់ទ្រាំមិនបានក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលព័ត៌មានកម្លាំងជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានរកឃើញវត្ថុតាង រួមមាន កៅអីជ័រពណ៌ក្រហម១ មានស្នាមបែកបាក់ជើង និងស្នាមរលាត់ដាច់ស្បែកដៃជើងជនរងគ្រោះជាម្តាយ។

តាមការសន្និដ្ឋាន ជនសង្ស័យពិតជាបានធ្វើសកម្មភាពវាយម្តាយបង្កើតខ្លួនឯងបណ្តាលឱ្យរងបួសប្រាកដមែន។ មូលហេតុខឹងម្តាយមិនដណ្តឹងប្រពន្ធឱ្យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES