ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់មានជំងឺប្រចាំកាយរយៈពេលជាង១ឆ្នាំ បានតូចចិត្តជាខ្លាំង ក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះខ្លួនឯង ផ្ទះលេខ១១A ផ្លូវP០៣ ស្ថិតក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមអធិការរងទទួលបន្ទុកយុត្តិធម៌ លោកម៉ៅ សឿត បានប្រាប់ថា ជនរងគ្រោះមានឈ្មោះសេង សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជំនួយការប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ១១A ផ្លូវP០៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអធិការងបានបន្តថា ជនរងគ្រោះដែលបានបាញ់សម្លាប់ខ្លួនឯងនេះ គឺដោយសារតូចចិត្តខ្លួនឯង ដែលជំងឺប្រចាំកាយរយៈពេលជាង១ឆ្នាំមកហើយ។

លោកអធិការរងបន្តទៀតថា ក្រោយពេលធ្វើកំណត់ហេតុ និងបានសាកសួរក្រុមគ្រួសារជនរងគ្រោះ លោកសេង សាវឿន ដែលជាបងប្រុសជនរងគ្រោះបានប្រាប់ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្អូនប្រុសរបស់លោក ឈ្មោះសេង សុវណ្ណ បានខលមកប្រាប់គាត់ឲ្យមកយករូបគេនៅផ្ទះក្នុងបុរីប៉េងហួត ដែលជាផ្ទះរបស់ជនរងគ្រោះ។

លុះពេលគាត់មកដល់ គាត់បានឃើញរថយន្តបញ្ឆេះចោល ភ្លាមនោះគាត់ក៏បានដើរចូលទៅក្នុងផ្ទះដើម្បីរកប្អូនប្រុស តែរកមិនឃើញនោះទេ។ រួចហើយគាត់ក៏ចេញមកក្រៅអើតមើលក្នុងរថយន្ត ស្រាប់ឃើញប្អូនប្រុសដាច់ខ្យល់ស្លាប់ ទាំងមានឈាមហូរចេញមកប្រឡាក់ពូករថយន្ត ថែមទាំងហូរចេញមកតាមទ្វារមកលើផ្លូវ។

លោកសេង សាវឿន បន្ថែមថា ប្អូនប្រុសរបស់លោកមានជំងឺប្រចាំកាយ (ចំហក្រពះ) អស់រយៈពេលជាងមួយឆ្នាំមកហើយ និងធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងវៀតណាមទៀតផង តែមិនបានធូរស្រាលនោះឡើយ។ កន្លងមកជនរងគ្រោះតែងតែត្អូញប្រាប់បងប្អូនថា “មិនអាចរស់បានទៀតទេ”។

ដោយឡែក បើតាមការបញ្ជាក់ពីលោកនង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងនគរបាលនាយកដ្ឋានបច្ចេកវិជ្ជាសាស្ត្រក្រសួងមហាផ្ទៃ បានអះអាងថា ជនរងគ្រោះបានស្លាប់ដោយសារបាញ់ខ្លួនឯង ដោយប្រើប្រាស់អាវុធខ្លី ម៉ាក GLock19AUSTRIA លេខ LLT659 ផលិតនៅប្រទេសអូស្ត្រាលី។

ក្រោយពេលធ្វើកោសល្យវិច័យចប់រួចរាល់ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕