Monday, November 24, 2025
Homeព័ត៌មានជាតិកំពុងតែសម្រាកសុខៗ គេរត់មកប្រាប់... នាំគ្នាចុះរាវរកល្មមតែឃើញ

កំពុងតែសម្រាកសុខៗ គេរត់មកប្រាប់… នាំគ្នាចុះរាវរកល្មមតែឃើញ

ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយបាននាំគ្នាទៅវត្តដាក់បិណ្ឌធ្វើបុណ្យជុំគ្រួសារនៅឯស្រុកកំណើត លុះត្រឡប់មកពីវត្តវិញទៅសម្រាកលេងនៅផ្ទះឪពុកម្តាយ ស្រាប់តែក្មេងៗដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបាននាំគ្នាចុះទៅលេងទឹកទន្លេ លុះមិនបានប៉ុន្មានផងក្មេងប្រុសម្នាក់ ក្នុងចំណោមនោះបានលង់ទឹកបាត់ខ្លួនធ្វើឱ្យផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិចុះទៅរាវរក ស្រាប់តែប្រទះឃើញក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចទន្លេបាសាក់ក្បាលកោះធំ ស្ថិតក្នុងភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះនី វិទូ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុខាងលើ ពេលព្រឹកព្រលឹមពួកគាត់ទាំងអស់គ្នាដែលត្រូវជាសាច់ញាតិក្រុមគ្រួសារនឹងគ្នាបាននាំគ្នាមកធ្វើបុណ្យកាន់បិណ្ឌនៅវត្តល្វាទោង ស្ថិតឃុំកំពង់កុង ស្រុកកោះធំ។ លុះពិធីបុណ្យចប់សព្វគ្រប់ក៏ត្រឡប់មកផ្ទះឪពុកម្តាយនៅភូមិឃុំខាងលើវិញ។

ប្រភពបន្តថា លុះមកដល់ផ្ទះ ដោយសារតែចាស់ៗអស់កម្លាំងពេកក៏នាំគ្នាសម្រាកអស់ទៅ ចំណែកក្មេងៗដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បាននាំគ្នាទៅងូតទឹកលេងនៅទន្លេបាសាក់ក្បាលកោះធំ ដោយមិនបានប្រាប់ចាស់ៗឱ្យដឹងនោះទេ។

ប្រភពដដែលបន្តទៀតថា លុះមួយសន្ទុះក្រោយ ស្រាប់តែកូនៗបានរត់មកប្រាប់ថា ក្មេងប្រុសរងគ្រោះដែលត្រូវជាបងប្អូនជីដូនមួយបានបាត់ខ្លួនក្នុងទឹកទៅហើយ រកមិនឃើញទេ សង្ស័យថាលង់ទឹក ទើបធ្វើឱ្យពួកគាត់ស្ទុះចេញទៅនាំបងប្អូននិងអ្នកភូមិចុះរាវរកកន្លែងដែលក្មេងៗងូតទឹកលេង ទើបប្រទះឃើញក្មេងប្រុសរងគ្រោះ រួចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំដែរ។

ប្រភពបន្ថែមថា ប៉ុន្តែអកុសលពេលដឹកទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយ ធ្វើឱ្យឪពុកម្តាយក្មេងប្រុសរងគ្រោះយំបោកខ្លួនយ៉ាងខ្លាំង។ បន្ទាប់មកទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះ មកពិនិត្យតែម្តង។

ក្រោយកើតហេតុ មន្ត្រីជំនាញបានទៅដល់ទីតាំង ព្រមទាំងធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួឱ្យកត់សម្គាល់ឡើយ រួចសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES